រាជ​រដ្ឋាភិបាល មិន​ទាន់​អនុញ្ញាត​ឲ្យ​បោះផ្សាយ ឬ​ជួញ​ដូរ​រូបិយបណ្ណ​ឌីជីថល​នោះទេ

  • 2018-01-16 23:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) របស់​ក្រសួង​សេដ្ឋកិច្ច បាន​ប្រកាស​ថា រហូត​មក​ដល់ពេល​នេះ គ.ម.ក មិនទាន់​បាន​ផ្តល់​អាជ្ញាបណ្ណ ឬការ​អនុញ្ញាត​ដល់​ក្រុមហ៊ុន​ណាមួយ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​បោះផ្សាយ ឬ​ប្រតិបត្តិការ​ជួញដូរ​ពាក់ព័ន្ធ​នឹង​រូបិយបណ្ណ​ឌីជីថល​នោះទេ។

ការ​ប្រកាស​នេះ បន្ទាប់ពី​ គ.ម.ក បាន​សង្កេត​ឃើញ​មាន​នូវការ​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​អ៊ិន​ធើណែត និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ នា​ពេល​កន្លង​មក អំពី​ការ​បោះផ្សាយ និង​ការ​ជួញដូរ​រូបិយបណ្ណ​ឌីជីថល។ រូបិយបណ្ណ​ឌីជីថល ជា​ប្រភេទ​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី មិនទាន់​មានការ​សិក្សា​ច្បាស់លាស់ ដែល​ការ​ជួញដូរ ឬការ​ជាប់​ពាក់ព័ន្ធ​ អាច​មាន​ហានិភ័យ​ខ្ពស់ និង​បង្ក​ឲ្យមាន​ការ​ខាត​បង់​ប្រាក់ ឬ​ទ្រព្យ​សម្បតិ្ត​ផ្ទាល់ខ្លួន​ច្រើន​ជាយថាហេតុ។

ក្នុងន័យ​នេះ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ ឬការ​ខាតបង់​ផ្សេងៗ គ.ម.ក ​បាន​អំពាវនាវ​ឲ្យ​សាធារណជន​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើការ​ជាប់​ពាក់ព័ន្ធ ឬ​ប្រឡូក​ក្នុងការ​ជួញដូរ​រូបិយបណ្ណ​ឌីជីថល​ទាំងនោះ។

គ.ម.ក ក៏បាន​លើកឡើង​ដែរ​ថា ថ្មីៗនេះ គ.ម.ក ទើបបាន​ចុះ​អនុស្សារណៈ​នៃការ​យោគយល់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​ហ្វីនថិច​ជាមួយ​ក្រុមហ៊ុន Camnext Global Ltd ក្នុង​គោល​បំណង​សិក្សា​ស្រាវជ្រាវ​លើ​យន្តការ ប្រភេទ​ឧបករណ៍​ហិរញ្ញវត្ថុ​ឌីជីថល និង​ឧបករណ៍​ផ្សេងៗ ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុងការ​ប្រមូល​សាច់ប្រាក់ ឬ​មូល​និធិ​ពី​សាធារណជន និង/ឬ​ប្រើប្រាស់​ជា​កម្មវត្ថុ​នៃការ​ជួញដូរ ព្រមទាំង​សិក្សា​លើ​ហានិភ័យ​ពាក់ព័ន្ធ​ឲ្យបាន​ច្បាស់លាស់​ជាមុន​សិន មុនឈាន​ដល់ការ​រៀបចំ​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ឧបករណ៍​ហិរញ្ញវត្ថុ​ឌីជីថល​ថ្មីៗ​ទាំងនោះ ដើម្បី​ជា​ផល​ប្រយោជន៍ និង​ទំនុកចិត្ត​សម្រាប់​អ្នក​ចូលរួម​ក្នុង​ទីផ្សារ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;