រក​ឃើញ​ស្ករត្នោត​ជិត​៤០​តោន​ លាយ​សារធាតុ​គីមី​នៅ​សិប្បកម្ម​មួយ​ក្នុង​ខណ្ឌ​ច្បារអំពៅ

  • 2018-01-17 12:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​រក​ឃើញ​ស្ករ​ត្នោត​ជិត ៤០​តោន ដែល​មាន​លាយ​សារធាតុ​ហ្វូនិច (ដែល​រក្សា​ទុក​បាន​យូរ​និង​ពណ៌​ស) នៅ​ក្នុង​សិប្បកម្ម​កែ​ឆ្នៃ​ស្ករ​ត្នោត​មួយ​កន្លែង​ស្ថិត​នៅ​ផ្ទះ​លេខ២១៣ និង​ផ្ទះ​លេខ​២១៩ ផ្លូវ៣៦៩ ភូមិ​ម៉ាក់គ្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៨។

សមត្ថកិច្ច​ចុះ​ឆែកឆេរ សិប្បកម្មកែច្នៃស្ករត្នោត
លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ បាន​បញ្ជាក់​ថា ការ​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​សិប្បកម្ម​កែច្នៃ​ស្ករ​ត្នោត​នេះ ធ្វើឡើង​ដោយ​សង្ស័យ​ថា សិប្បកម្ម​នេះ​បាន​ធ្វើឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​លួច​លាយ​នូវ​សារធាតុ​គីមី​ជាដើម។ សិប្បកម្ម​ខាងលើ​ពុំ​មាន​ច្បាប់​អនុញ្ញាត និង​ធ្វើការ​កែច្នៃ​ស្ករត្នោត​ពុំ​អនុលោម​តាម​បទដ្ឋាន​ច្បាប់​ឡើយ។

តាម​របាយការណ៍​បាន​បង្ហាញ​ថា សមត្ថកិច្ច​បាន​រកឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​រួមមាន៖ សំបក​បាវ ចំនួន ១៤៥​បាវ ថង់​ច្រក​ស្ករ​រាវ​ចំនួន ៣០​ថង់ ស្ករ​ស ចំនួន ៥៣​បាវ ស្មើ​ ២៦៥០គ.ក្រ ស្ករ​ត្នោត​កែច្នៃ​រួចនិង​មិន​ទាន់​កែច្នៃ​ប្រមាណ ៣៨​តោន វិក័យបត្រ ចំនួន ៧៦​សន្លឹក។ ចំពោះ​វត្ថុ​តាង​ទាំងអស់​នេះ ព្រះ​រាជអាជ្ញារង​បាន​សម្រេច​ឲ្យ​បិទ​ផ្លុំ​បេ​រក្សា​ដាក់​ទុក​ក្នុង​អាសយដ្ឋាន​ខាងលើ និង​សម្រេច​មិន​ឲ្យ​បើក​ធ្វើ​អាជីវកម្ម​បន្ត ហើយ​បាន​អញ្ជើញ​ម្ចាស់​ទីតាំង​មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី។

ការ​ចុះ​បង្ក្រាប​នេះ មាន​ការ​ចូលរួម​ពី​កម្លាំង​ចម្រុះ​មក​ពី​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ មន្រ្តី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម និង​មន្រ្តី​មកពី​ក្រសួង​សុខាភិបាល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;