PCO ឈ្នះ​ជើងឯក Tiger Street Football Festival 2018 ប្រចាំ​ខេត្តបាត់​ដំបង

  • 2018-02-05 06:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង​បាន​បញ្ចប់​ហើយ​​ដោយ​ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​ក្រុម​ PCO ខណៈ​មណ្ឌល​​នេះ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​សម្រាប់​ក្រុម​ឡើង​​ទៅ​ភ្នំពេញ​បើ​ប្រៀប​ធៀប​នឹង​លទ្ធផល​​កាល​ពី​ឆ្នាំ​២០១៧។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ក្រុម​ FC Crown Aបាន​យក​ឈ្នះ​ក្រុម​ ចិន្តា​អេហ្វស៊ី​ ដោយ​លទ្ធផល​ ២-១ ហើយ​ក្រុម​ Forest FC បាន​យក​ឈ្នះ​ក្រុម​ Norea Team ដោយ​លទ្ធផល​ ១-០។ ចំពោះ​ក្រុម​ PCO ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​ Fox Zone FC ដោយ​លទ្ធផល​ ១-0 ខណៈ​ក្រុម​យុវជន​ទួល​តាឯក​ B បាន​បំបាក់​ក្រុម​ Mario FC ដោយ​លទ្ធផល​ ៤-០។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​​ FC Crown A​ បាន​លត់​ក្រុម​​ Forest FC ដោយ​លទ្ធផល​ ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ខណៈ​ក្រុម​ PCO ក៏​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ​ ​បន្ទាប់​ពី​​យក​ឈ្នះ​ក្រុម​​ដែល​មាន​បទ​ពិសោធ​ច្រើន​ Fox Zone FC ដោយ​លទ្ធផល​ ១-០។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្រុម​ខ្លាំង​ FC Crown A បាន​​បរាជ័យ​ដោយ​ក្រុម​ PCO ដោយ​លទ្ធផល​ ១-០ ​ដើម្បី​ទទួល​បាន​ ត្រឹម​ចំណាត់​ថ្នាក់​លេខ​២។ ចំណែក​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣​គឺ​បាន​ទៅ​ក្រុម​យុវជន​ទួល​តាឯក​ B តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​ Forest FC ដោយ​លទ្ធផល​ ៥-១។

ក្នុង​​ព្រឹត្តិការណ៍​ពាន​រង្វាន់​ Tiger Street Football Festival ​​ក្រុម​ PCO ​នេះ​ធ្លាប់​ចូល​រួម​ប្រកួត​​កាល​ពី​ឆ្នាំ​២០១៧​ ប៉ុន្តែ​បាន​ធ្លាក់​ចេញ​តាំង​ពី​​ជុំ​ដំបូង​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ទាំង​អស់​ដែល​​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​នៅ​ខេត្ត​បាត់ដំបង។

តាម​រយៈ​លទ្ធផល​​នេះ​បាន​បង្ហាញ​ថា ក្រុម​ចំនួន​៥​​​ក្នុង​ចំណោម​៦​ក្រុម​ដែល​ទទួល​បាន​កៅអី​ធ្វើ​ដំណើរ​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ជា​ក្រុម​ថ្មី​ និង​មាន​ក្រុម​១​ប៉ុណ្ណោះ​ដែល​ធ្លាប់​បាន​​ទៅ​ចូល​រួម​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

ក្រុម​ខ្លាំង​ៗ​ដូច​ជា​ ធនាគារ​ស្រូវ​ សសយក​បាត់ដំបង​ BMS Club​ និង​ក្រុម​ Battambang Town ជា​ដើម​ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ភ្នំពេញ​ច្រើន​លើក​នោះ​​អត់​បាន​ទៅ​ភ្នំពេញ​ទេ​​ ប៉ុន្តែ​នៅ​សល់​តែ​ FC Crown A មួយ​ប៉ុណ្ណោះ​ដែល​មាន​បទ​ពិសោធ​ទៅ​ភ្នំពេញ​ច្រើន​លើក​ ហើយ​ឆ្នាំ​​២០១៨​នេះ​បាន​ទៅ​ភ្នំពេញ​ទៀត។

ជយលាភី​មាន​ដូច​ខាង​ក្រោម​

  • ក្រុម​ជើង​ឯក៖ PCO ទទួល​បាន​១៥០០​ដុល្លារ​អាមេរិក​

  • ក្រុម​ជើង​ឯក​រង៖ FC Crown A ទទួល​បាន​១ ០០០​ដុល្លារ​អាមេរិក

  • ក្រុម​លេខ​៣៖ យុវជន​ទួល​តាឯក​ B ទទួល​បាន​៥០០​ដុល្លារ​អាមេរិក

  • ក្រុម​លេខ​៤៖ Forest FC ទទួល​បាន​២០០​ដុល្លារ​អាមេរិក

  • ក្រុម​លេខ​៥៖ Norea Team

  • ក្រុម​លេខ​៦៖ Fox Zone FC

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;