បក​ស្រាយ​​រឿង S9/S9+ នៅ​ស្រុក​ខ្មែរ ថ្លៃ​ជាង​ប្រទេស​មួយ​ចំនួន​

  • 2018-03-06 10:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​កម្ពុជា ទូរសព្ទ Galaxy S9/S9+ បាន​បើក​​ឲ្យ​កុម្ម៉ង់​ទុក​មុន​ហើយ បន្ទាប់​ពី​ចេញ​នៅ​អេស្ប៉ាញ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​​មិន​មាន​ទំហំ 64GB ដូច​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប ឬ​ប្រទេស​ជិត​ខាង​នោះទេ ខណៈ​តម្លៃ​ ក៏​ហាក់​ខុស​គ្នា​គួរ​សម​ផង​ដែរ ដោយ​ខ្លះ​ថ្លៃ​ជាង ហើយ​ខ្លះ​ថោក​ជាង។

លោក រតនា សោភ័ណ ប្រធាន​ផលិត​ផល​ទូរសព្ទ​ដៃ Samsung កម្ពុជា បាន​ឆ្លើយ​តប​នឹង​រឿង​នេះ ក្នុង​កម្មវិធី​សម្ពោធ S9/S9+ នៅ​ថ្ងៃ​ ៣ មីនា ថា៖ "យើង​មើល​ទៅ​តាម​មតិ​អ្នក​ប្រើ​ប្រាស់ គាត់​អត់​ចង់​បាន 64GB ទេ ណា​មួយ​យើង​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់ មាន​អារម្មណ៍​ថា មាន​ស៊ីម២ មេម៉ូរី​ក៏​ធំ​ស្រាប់ ដោយ​មិន​ចាំ​បាច់​ទិញ​មេម៉ូរី​ក្រៅ​ថែម"។

Galaxy S9
គួរ​បញ្ជាក់ថា Galaxy S9 ទំហំ 128GB មាន​តម្លៃ ៨៥៩ដុល្លារ និង S9+ ទំហំ 128GB មាន​តម្លៃ ៩៤៩ដុល្លារ និង256 GB តម្លៃ ៩៩៩ដុល្លារ (សម្រាប់​ការ​កុម្ម៉ង់​ទុក​មុន​ពី​ថ្ងៃ​ទី​៣ ដល់ ១៥ មីនា) ដែល​ថោក​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​ប៉ែក​អឺរ៉ុប និង​ប្រទេស​ជិត​ខាង​ ដូចជា​ថៃ​ជាដើម។

លោក រតនា សោភ័ណ បាន​បញ្ជាក់​ថា៖ "នៅ​ខ្មែរ​អាច​នឹង​ថោក​ជាង​ប្រទេស​ជាច្រើន​នៅ​អាស៊ី​យើង ហើយ​អាច​នឹង​តំបន់​អឺរ៉ុប​ខ្លះ​ដែរ ចំពោះ​អ្នក​ដែល​ថា នៅ​យើង​ថ្លៃ​ជាង អាច​មក​ពី​គាត់​ច្រឡំ​នឹង 64GB ដោយ​សារ​នៅ​ខ្មែរ​យើង​អត់​មាន​ទំហំ​នឹង​ទេ ហើយ​ពេល​ខ្លះ​ជា​តម្លៃ​ខាង Operator អ៊ីចឹង យើង​អត់​អាច​មក​ប្រៀប​ជាមួយ​នឹង​ប្រទេស Open Market បាន​ទេ”។

លោក រតនា សោភ័ណ និយាយក្នុងកម្មវិធីសម្ពោធ S9/S9+ ជាផ្លូវការ

Operator សំដៅ​ទៅ​លើ​ទូរសព្ទ​ដែល​ភ្ជាប់​ជាមួយ​គម្រោង​ស៊ីម​ហើយ​ស្រេច ដែល​តម្លៃ​អាច​នឹង​ថោក​ជាង​ទិញ​ពី​ក្រុមហ៊ុន ឬ​ទិញ​ពី​ប្រទេស Open Market ដោយ​ខាង​ក្រុមហ៊ុន​ស៊ីម អាច​នឹង​ដាក់​តម្លៃ​ទូរសព្ទ​ថោក​បន្តិច ដើម្បី​ឲ្យ​អតិថិជន​ប្រើ​ប្រាស់​ស៊ីម​របស់​ខ្លួន ជាមួយ​នឹង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត ដូចជា​ការ​បង់​ប្រចាំ​ខែ​ជាដើម។ នេះ​បើ​តាម​សំដី​ប្រធាន​ផ្នែក​ទូរសព្ទ​ដៃ Samsung នៅ​កម្ពុជា ខាង​លើ។

ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការ​ Smartphone ត្រកូល S សេរ៊ី​ចុង​ក្រោយ​ នៅ​សណ្ឋាគារ សុខានោះ ក៏​​មាន​ការ​ចូលរួម​ពី​ម្ចាស់​ហាង​លក់​បន្ត​ជាច្រើន​អ្នក រួម​ទាំង​ឯក​អគ្គរាជ​ទូត​សុច្ឆន្ទៈ​ទាំង ២រូប គឺ​កញ្ញា ឱក សុគន្ធកញ្ញា និង​កញ្ញា មាន សូនីតា ផង​ដែរ។

Galaxy S9/S9+ បង្ហាញ​ខ្លួន​ជាមួយ​នឹង​រូប​រាង​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង S8/S8+ ឡើយ តែ​បន្ថែម​ជាមួយ​នឹង​មុខងារ​ខ្លាំងៗ​មួយ​ចំនួន ដូចជា​កាមេរ៉ា ដែល​អាច​ចាប់​យក​រូបភាព​យឺត​បំផុត​ដល់​ទៅ 960fps ថត​ពេល​យប់​បាន​ល្អ ជាមួយ F1.5 ព្រម​ទាំង​មាន AR Emoji និង​ចំណុច​ពិសេស​ជាច្រើន​ទៀត៕

លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុនថៃ Samsung សាខាកម្ពុជា

អត្ថបទ៖ វិទូ

អត្ថបទថ្មី
;