អគ្គនាយកអត្តសញ្ញាណកម្ម ពន្យល់លម្អិតពីការសុំកែទិន្នន័យអត្តសញ្ញាណ
- 2018-03-09 03:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកអត្តសញ្ញាណកម្ម ពន្យល់លម្អិតពីការសុំកែទិន្នន័យអត្តសញ្ញាណ
ចន្លោះមិនឃើញ
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកនាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា បានប្រាប់ឲ្យដឹងថា ការកែប្រែទិន្នន័យអត្តសញ្ញាណបណ្ណ មិនតម្រូវឲ្យបង់ប្រាក់នោះទេ ប៉ុន្តែព្រួយបារម្ភរឿងរយៈពេលប្រគល់ជូនប្រជាពលរដ្ឋ ព្រោះមួយរយៈនេះ មានអ្នកមកកែតម្រូវច្រើនខ្លាចធ្វើមិនទាន់កាលកំណត់។
លោកអគ្គនាយក បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋចង់ស្នើសុំកែតម្រូវទិន្នន័យ ដែលមិនប្រែប្រួលស្ថានភាពអត្តសញ្ញាណដើម គឺអាចដាក់ពាក្យស្នើសុំនៅ សាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក ឬ អាចមកផ្ទាល់នៅ នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប៉ុន្ដែ ប្រសិនបើចង់កែតម្រូវទិន្នន័យណាមួយខុសពីអត្តសញ្ញាណដើម ត្រូវដាក់ពាក្យប្ដឹងទៅតុលាការជាមុនសិន។
លោកពន្យល់យ៉ាងដូច្នេះថា៖ «បើបងប្អូនគ្រាន់តែខុសឈ្មោះ ឬភេទ អាចមកធ្វើការកែតម្រូវបាននៅពីរទីតាំងខាងលើ ដោយអត់អស់ប្រាក់នោះទេ។ តែបើខុសស្ថានភាពអត្តសញ្ញាណដើម ត្រូវដាក់ពាក្យប្ដឹងទៅតុលាការ។ ខ្ញុំឧទាហរណ៍ គាត់ចង់កែប្រែឆ្នាំកំណើត ខុសនឹងឯកសារដើម ដូចជា កើតនៅឆ្នាំ ១៩៥០ កែមក១៩៧០ អាហ្នឹង! ត្រូវដាក់ប្ដឹងទៅតុលាការហើយ ឬកែឈ្មោះ ខុសនឹងឯកសារដើមជាដើម»។
ទាក់ទងនឹងរយៈពេលនៃការកែតម្រូវទិន្នន័យអត្តសញ្ញាណ អគ្គនាយកអត្តសញ្ញាណកម្ម បានលើកឡើងថា តាមធម្មតា ប្រសិនបើប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តចង់ស្នើកែប្រែទិន្នន័យ ត្រូវប្រើរយៈពេល ២០ ថ្ងៃ ឯអ្នករស់នៅរាជធានីប្រមាណជា ១០ថ្ងៃ។ ប៉ុន្ដែ រយៈពេលនេះអាចយូរជាងហ្នឹង ដោយសារតែ ក្រុមការងារត្រូវការផ្ទៀងផ្ទាត់ឯកសារច្រើនទៅតាមសាមីខ្លួន ស្របពេលអ្នកមកស្នើសុំកែច្រើនដែរ។
បើតាមលោក ម៉ៅ ច័ន្ទ តារា ឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ ២០១៨នេះ ប្រជាពលរដ្ឋបានមកកែទិន្នន័យអត្តសញ្ញាណបណ្ណ មានចន្លោះពី ៦ ទៅ ៧ពាន់នាក់។
ការកែទិន្នន័យអត្តសញ្ញាណ ដោយមិនគិតថ្លៃនេះ មានរយៈពេល ២ឆ្នាំ គិតពីឆ្នាំនេះទៅ។ ដូច្នេះហើយ នាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា អំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ប្រញាល់មកកែតម្រូវទិន្នន័យ ដែលសំណើកែទាំងនោះមិនមានខុសនឹងស្ថានភាពដើមអត្តសញ្ញាណ។ រាល់ការកែតម្រូវ ប្រជាពលរដ្ឋត្រូវយកឯកសារឲ្យបានគ្រប់គ្រាន់រួមមាន៖ អត្តសញ្ញាណបណ្ណដើម, សំបុត្រកំណើត, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, ហើយបើជាសិស្សត្រូវយកសញ្ញាបត្រមកពិនិត្យ ជាដើម។ «បើមានឯកសារគ្រប់គ្រាន់ការកែតម្រូវកាន់តែបានលឿន»៕