អតីត​កីឡាករ​ Liverpool អាច​បាត់បង់​ការងារ ក្រោយ​ស្ដោះ​ទឹក​មាត់​ដាក់​អ្នកគាំទ្រ​Man Utd

  • 2018-03-12 08:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ខ្សែ​ការពារ​របស់​ក្លឹប​ហង្ស​ក្រហម Liverpool លោក Jamie Carragher នឹង​ត្រូវ​ស្ថាប័ន​សារព័ត៌មាន និង​ប៉ុស្តិ៍​ទូរទស្សន៍​ Sky Sportsនៅ​ចក្រភព​អង់គ្លេស ហៅ​ចូល​និយាយ​តទល់​គ្នា ដើម្បី​ឲ្យ​បកស្រាយ អំពី​ទង្វើ​របស់​គាត់​ដែល​បាន​ស្ដោះ​ទឹក​មាត់​ដាក់​អ្នកគាំទ្រ​នារី​របស់​ក្លឹប Manchester United ម្នាក់ ពេល​កំពុង​បើកបរ​។

លោក Jamie Carragher
ហេតុការណ៍​នេះ បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​ចេញ​ពី​តុ​ពិភាក្សា​របស់​ប៉ុស្តិ៍​ Sky Sports ក្នុង​ជំនួប​ដែល​ក្រុម Man Utd បាន​យក​ឈ្នះ​ក្រុម Liverpool ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ។ សកម្មភាព​របស់ Carragher ត្រូវ​បាន​ឪពុក​របស់​យុវតី​ដែល​ជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម ថត​បាន។

យ៉ាង​ណា​ក៏ដោយ Carragher ដែល​មាន​វ័យ ៤០​ឆ្នាំ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​សុំទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​បាន​បកស្រាយ​ថា មាន​គេ​ព្យាយាម​លួច​ថត​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រហែល ៣-៤​ដង។

Jamie Carragher ស្ដោះទឹកមាត់​ដាក់អ្នកគាំទ្រ Man Utd

Carragher ត្រូវ​​បង្ហាញ​ខ្លួន​ជាថ្មី​នៅ​ក្នុង​កម្មវិធី​មួយ​របស់ Sky Sports នៅ​ពេល​ជំនួប​រវាង​ក្រុម Manchester City និង Stoke City នៅ​ថ្ងៃ​ចន្ទ​នេះ។ អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ដដែល បាន​ចូល​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ខាងលើ ជា​អ្នក​វិភាគ​បាល់ទាត់​ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​ មក​ម៉្លេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;