កុមារី​សម្ដែង​ក្នុង​រឿង "ពស់​កេងកង" បង្ហាញ​មហិច្ឆតា​ធំ​ក្នុង​វិស័យ​សិល្បៈ

  • 2018-03-15 03:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​វ័យ​ក្មេង និង​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​សម្ដែង ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី បាន​និយាយ​ពី​គោល​បំណង​នៅ​ពេល​ធំ​ឡើង​ថា ប្អូន​ស្រី​ចង់​ក្លាយ​ជា​កំពូល​តារា​សម្ដែង​ប្រចាំ​ប្រទេស។

ការ​ជឿ​ជាក់​ដូច្នេះ​ព្រោះ​តែ​ប្អូន​ស្រី ទុក​អាជីព​សិល្បៈ​ជា​ចំណុច​ចម្បង​របស់​ខ្លួន តាំង​ពី​ធំ​ដឹង​ក្ដី​មក​ម្ល៉េះ ហើយ​ម្យ៉ាង​ទៀត ការ​បាន​ចូល​សម្ដែង​ភាពយន្ត​ធំៗ​រហូត​ដល់​លំដាប់​ហូលីវូដ គឺ​ជា​អ្វី​ដែល​ជូលី​គិត​ថា នឹង​អាច​ទៅ​រួច​សម្រាប់​មហិច្ឆតា​ដ៏​ធំ​របស់​ខ្លួន។

ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​របស់​អ្នក​ស្រី Angelina Jolie រឿង ”មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” គឺ​តារា​វ័យ​ក្មេង​ ជូលី ក៏​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម ធ្វើ​ឱ្យ​ស្នាដៃ​មួយ​នេះ​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន។ ចំណែក​ខ្សែ​ភាពយន្ត​ភាគ​រឿង”ពស់​កេង​កង” ទើប​ចាក់​បញ្ចាំង​ចប់​លើ​កញ្ចក់​ទូរទស្សន៍ PNN កាល​ពី​ពេល​ថ្មីៗ ក៏​ដោយ​ទទួល​ការ​គាំទ្រ​ខ្លាំង​​ដូច​គ្នា ក៏​ជា​អ្វី​ធ្វើឲ្យ ជូលី​ គិត​ថា ជា​បទ​ពិសោធន៍​មួយ​អាច​ឱ្យ​ប្អូន​ទទួល​យក និង​រៀន​សូត្រ​បន្ថែម ដើម្បី​ក្លាយ​ជា​តារា​លំដាប់​ប្រទេស​នា​ពេល​ខាង​មុខ។

ទន្ទឹម​ស្នាដៃ​ទាំង​ពីរ​តារា​សម្ដែង​វ័យ ១០ឆ្នាំ​រូប​នេះ កំពុង​មាន​ស្នាដៃ​ថ្មី​មួយ​ទៀត​គឺ​រឿង ”គ្រាប់​បាល់​អង្រួន​បេះដូង” កំពុង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ CTN ដែល​ប្អូន​ស្រី​សម្ដែង​ជា​តួ​ឯក​ក្នុង​វ័យ​កុមារ​ភាព។ ស្នាដៃ​សម្ដែង​រឿង​ថ្មី​នេះ ធ្វើ​ឱ្យ​ប្អូនស្រី​រំពឹង​ជា​ខ្លាំង​ថា នឹង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន។

ចំណុច​ដ៏​ពិសេស​មួយ​ទៀត​ដែល ជូលី នឹង​រៀន​សូត្រ​តាម ដើម្បី​ក្លាយ​ជា​តារា​នាំ​មុខ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ គឺ​រៀន​សូត្រ​ពី​អ្នកស្រី អម្ពរ ទេវី ដែល​ប្អូន​ស្រី​ចាត់​ទុក​ជា​តារា​ក្នុង​ដួង​ចិត្ត និង​ចង់​ឱ្យ​ការ​សម្ដែង​របស់​ខ្លួន ស្ថិត​ក្នុង​ភាព​កំពូល​ដូច​តារា​រូប​នេះ។

តារា​វ័យ​ក្មេង​កុមារី ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី បាន​បោះ​ជំហាន​ចូល​សិល្បៈ​តាំង​ពី​អាយុ ៥ឆ្នាំ​មក​ម្ល៉េះ នៅ​ពេល​ប្អូន​រៀន​ថ្នាក់​ទី​១។ ឆ្នាំនេះ​ជូលី មាន​អាយុ ១០ឆ្នាំ និង​កំពុង​រៀន​ថ្នាក់​ទី​៥។ ជូលី មិន​អាច​រៀប​រាប់​អស់​ទេ​ពី​ចំនួន​ភាពយន្ត​បាន​ថត​រយៈ​ពេល ៥ឆ្នាំ នៃ​ការចូល​សិល្បៈ​របស់​ខ្លួន ដោយ​គ្រាន់​តែ​ដឹង​ថា​ស្នាដៃ​ល្បី​ខ្លាំង​គឺ​រឿង ”មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” និង​រឿង ”ពស់​កេង​កង” តែ​ប៉ុណ្ណោះ៕

អត្ថបទៈ ចរិយា

អត្ថបទថ្មី
;