ក្រុមហ៊ុន​ចិន ដាក់​ទុន​ ២០លាន​ដុល្លារ ​ដាំ​ឈើ​ធ្នង់​​យក​ខ្លឹម នៅ​កម្ពុជា

  • 2018-03-20 12:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិនិយោគិន​ចិន បាន​បណ្តាក់ទុន​ប្រមាណ​ ២០​លាន​ដុល្លារ​អាមេរិក ដើម្បី​ដាំ​ឈើ​ធ្នង់ ដែលជា​ប្រភេទ​ឈើ​មានតម្លៃ​ខ្ពស់​ ចំនួន​ ៥០០​ហិកតា នៅ​ខេត្តពោធិសាត់​។

​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន Harmony Shield International Group ​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ លោក​លី មីង​យ៉ាង នាយករង​ក្រុមហ៊ុន Harmony Shield ប្រចាំ​កម្ពុជា បាន​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ដាំ​ឈើ​ធ្នង់ លើ​ដី ៥០០ហិកតា ប៉ុន្តែ​​ដំណាក់កាល​ដំបូង គឺដាំ​ចំនួន ​២០០​ហិកតាសិន។

ឈើ​ធ្នង់ (រូបភាព៖ RFA)
​លោក​បាន​បន្តថា តាម​ធម្មតា​ឈើ​ធ្នង់​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ ទើប​ប្រមូល​ផល​បាន តែ​ខាង​ក្រុមហ៊ុន​មាន​អ្នកជំនាញ និង​បច្ចេកទេស ពិសេស​ខាង​បង្កាត់​ពូជឈើ ដោយ​ដាំ​តែ​ក្នុង​រយៈពេល​១០​ទៅ​១៥​ឆ្នាំ នឹង​ទទួលបាន​ផល​។​ លោក​បញ្ជាក់ថា នៅ​ពេល​ប្រមូល​ផល​បាន ក្រុមហ៊ុន​នឹង​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​លោក លី មីង​យ៉ាង បាន​​ឲ្យ​ដឹង​ទៀត​ថា នៅ​ទីផ្សារ​ប្រទេស​ចិន ខ្លឹម​ធ្នង់​១​តោន ​មានតម្លៃ​១​លាន​ដុល្លារ​អាមេរិក ដែល​ខ្លឹម​នេះ​គេ​យកទៅ​ធ្វើ​អង្កាំ និង​គ្រឿង​លំអ​មានតម្លៃ​ផ្សេងៗ​។​

សូម​បញ្ជាក់​ផងដែរថា ក្រុមហ៊ុន Harmony Shield Group មាន​បុត្រ​សម្ព័ន្ធ​នៅ​១១​ប្រទេស ដែល​​មាន​ដូចជា ស្វី​ស ជប៉ុន ចិន អាមេរិក និង​នៅ​តំបន់​អាហ្វ្រិក​៕

ពិធី​សម្ពោធ​ក្រុមហ៊ុន Harmony Shield International Group ​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;