ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​អតីត​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ឫស្សីកែវ សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល

  • 2018-03-21 06:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ ១២៧០​គ្រួសារ ដែល​រស់នៅ​តាម​បណ្តោយ​អតីត​ផ្លូវ​រថភ្លើង ចាប់​ពី​ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​ផ្លូវ​លេខ​៧០ បាន​នាំគ្នា​មកដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​សាលា​រាជធានី​ភ្នំពេញ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ នៅព្រឹក​ថ្ងៃទី​២១ ខែ​មីនា​នេះ ឲ្យ​ជួយ​អន្តរាគមន៍​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង ដោយ​ស្នើ​សុំ​កាត់ត្រឹម​តែ​១០​ម៉ែត្រ (សាលា​រាជធានីភ្នំពេញ​កាត់យក​ដី​ចំណី​ផ្លូវ​ម្ខាង​៣០​ម៉ែត្រ)។ គម្រោង​ផ្លូវ​បេតុង​នេះ មាន​ប្រវែង ជាង ៤,៦​គីឡូម៉ែត្រ ស្ថិតនៅ​ក្នុង​៣​សង្កាត់ គឺ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ឫស្សីកែវ និង​សង្កាត់​ទួលសង្កែ​ទី១។

នៅក្នុង​ការ​តវ៉ា​នេះ ប្រជា​ពលរដ្ឋ​បាន​លើក​បដា បង្ហាញ​ពីការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​អភិវឌ្ឍ​នៅ​ហ្នឹង​កន្លែង ពីព្រោះ​ពួកគាត់​រស់នៅ​លើដី​នោះ​ជាង ៣០ឆ្នាំ​មក​ហើយ និង​សុំ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ និង​ស្នើ​សុំ​កុំឲ្យ​យក​អ្នក​ផ្សេង​មក​រស់នៅ​លើដី​របស់​ពួកគាត់​នោះឡើយ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ពួកគាត់​មិន​យល់​ព្រម​តាម​ចំណាត់ការ​របស់​សាលា​ខណ្ឌ​ឫស្សីកែវ ក្នុងការ​កាត់ដី​របស់​ពួក​គាត់ ៣០​ម៉ែត្រ​ម្ខាងពី​អ័ក្ស យក​មក​អភិវឌ្ឍ​ផ្លូវ​ប៉េតុង ១៥​ម៉ែត្រ​ម្ខាង ហើយ​សល់ ១៥ម៉ែត្រ​ទៀត មក​ពុះ​ចែក​គ្នា។

ញ្ញត្តិ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទទួល​យក​ដើម្បី​ដាក់ជូន​ថ្នាក់​លើ​ពិនិត្យ និង​សម្រេច៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;