អាមេរិក​​បញ្ជូន​ទ័ព​​ទៅ​​ហាត់​​នៅ​អូស្ដ្រាលី​​​ ដើម្បី​ទប់ទល់​​ឥទ្ធិពល​​​របស់​ចិន

  • 2018-03-23 09:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក​ នឹង​​បញ្ជូន​កងទ័ព​ម៉ា​រី​ន​ ទៅ​ហ្វឹកហាត់​នៅ​អូស្ដ្រាលី រយៈពេល ៦ខែ ដើម្បី​ត្រៀម​ប្រឆាំងនឹង​អ្វីដែល​អាមេរិក​ចាត់ទុកថា​ជា​ការឈ្លានពាន​របស់​ចិន​នៅក្នុង​តំបន់​។ រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អូស្ដ្រាលី ​បាន​បញ្ជាក់​នៅថ្ងៃ​ទី២៣ ខែមីនា​នេះថា ទ័ព​ម៉ា​រី​ន​​អាមេរិក​​ដែល​ត្រូវ​បញ្ជូន​មកហ្វឹកហាត់​នៅ​អូស្រ្ដាលី គឺ​មាន​ចំនួន ១៥៨៧​នាក់​ ​កើនឡើង​ជិត ​២៧​ភាគរយ បើ​​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៧​។ កម្មវិធី​នៃ​ការហ្វឹកហាត់​​នេះ មាន​ឈ្មោះថា “Force Posture Initiatives”​។​

​លោកស្រី​រដ្ឋមន្ដ្រី​ Marise Payne​ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កងទ័ព​អាមេរិក​ ពិតជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធានា​សន្ដិសុខ​ និង​ស្ថិរភាព​នៅ​ទូទាំង​តំបន់​ឥណ្ឌូចិន​-​ប៉ាស៊ីហ្វិក ហើយ​កម្មវិធី​ហ្វឹកហាត់ Force Posture Initiatives នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ និង​សន្ដិសុខ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ខាងមុខ​។

ការបញ្ជូន​ទ័ព​អាមេរិក​ ទៅ​អូស្ដ្រាលី​ បានចាប់ផ្ដើម​ដំបូង​ ក្នុង​ឆ្នាំ​២០១១ ជា​ផ្នែក​មួយ​នៃ​ការ​បង្វែរ​គោលនយោបាយ​អាមេរិក​ ទៅ​តំបន់​អាស៊ី​។ ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​ដូណាល់ ត្រាំ​បច្ចុប្បន្ន អាមេរិក​មាន​គោលបំណង​ប្រឆាំង​ឥទ្ធិពល​ចិន នៅក្នុង​តំបន់​ដែលមាន​ភាព​តានតឹង​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

ចិន​បាន​​​កាន់កាប់​ស្ទើរ​ទាំងស្រុង​ នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្លូវ​ធ្វើ​ពាណិជ្ជកម្ម​ដ៏​ធំ និង​សម្បូ​រណ៍​ដោយ​ធនធានធម្មជាតិ​ដូចជា​ប្រេង​ និង​ឧស្ម័ន​ជាដើម​។​ ​ដោយឡែក​កម្មវិធី​ហ្វឹកហាត់​ដែល​ទំនង​ធ្វើឲ្យ​ចិន​ប្រតិកម្ម​នេះ កងទ័ព​អាមេរិក​នឹង​ហ្វឹកហាត់​ជាមួយ​កងទ័ព​អូស្ដ្រាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​។ ការ​ដាក់ពង្រាយ​យោធា​នេះ ក៏​អាច​គំរាមកំហែង​និង​ធ្វើឲ្យ​ទំនាក់ទំនង​អូស្ដ្រាលី​-​ចិន​ ឲ្យ​កាន់តែ​ចុះខ្សោយ​ជាង​មុន​ផង​ដែរ​៕

---> Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;