លម្អិត​អំពី​ផ្លូវ​ជាតិ​លេខ​១១ ដែល​ត្រូវសាងសង់ឡើងវិញ

  • 2018-03-23 09:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា គម្រោង​សាងសង់​ឡើងវិញ​ផ្លូវ​ជាតិ​លេខ​១១ និង​ផ្លូវវាង​ គឺមាន​ប្រវែង​សរុប ៩៦,៤៨​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ១ ស្ថិតនៅ​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ-ខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដល់​ថ្នល់​ទទឹង ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ស្លាប​ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ គម្រោង​សាងសង់​នេះ ត្រូវបាន​បើក​ការដ្ឋាន​នៅព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨។

ផ្លូវជាតិ​នេះ​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥​សង់ទីម៉ែត្រ លើក​កម្ពស់ និង​ពង្រីក​ទទឹង​ផ្លូវពី ៩​ម៉ែត្រ ទៅ ១១​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ទាំង​ក្រោម​កម្រាស់ ៦០​សង់ទីម៉ែត្រ មាន​ទិស​ចរាចរណ៍​ចំនួន​២​គន្លង (១​ទៅ ១​មក) បំពាក់​ដោយ​ផ្លាក​សញ្ញា​ចរាចរណ៍ គូស​គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដង​ផ្លូវ​ផងដែរ។

គម្រោង​ផ្លូវនេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៩៤,១៥ លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ ផ្លូវ​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់-ស្ពាន ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុម ហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស​សំណង់ ក្វាងចូវ​វ៉ានអាន។ ​រយៈពេល​សាងសង់​គឺ​មាន​ចំនួន ៤៤​ខែ ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៨ ដល់​ដើម​ឆ្នាំ​២០២១។

បន្ទាប់ពី​សាងសង់​រួច ផ្លូវនេះ​នឹងជួយ​ឲ្យ​ខេត្ត​ព្រៃវែង​ អាច​ពង្រឹង​សក្តានុពល​របស់ខ្លួន​ក្នុងការ​ដឹក​ជញ្ជូន​កសិផល ពិសេស​ផលិតផល​ស្រូវ​ឆ្ពោះ​ទៅ​រោងចក្រ​កិនស្រូវ មជ្ឈមណ្ឌល​ប្រមូល​ទិញ និង​ចែកចាយ និង​កំពង់ផែ​នៅ​ទូទាំង​ប្រទេស ជំរុញ​ដល់​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ និង​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ៕

រូបថត៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន

---> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

អត្ថបទ៖ សំភី

អត្ថបទថ្មី
;