ផ្លូវ​ក្រវាត់​ក្រុង​មាន​សារៈ​សំខាន់​បែបណា​ ចំពោះ​សេដ្ឋកិច្ច​កម្ពុជា?

  • 2018-03-26 04:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុង​គោលដៅ​មិន​ត្រឹមតែ​អាច​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​កណ្តាល​ក្រុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ជំរុញ​សន្ទុះ​នៃ​ចរន្ត​កំណើន​សេដ្ឋកិច្ច​ តាម​រយៈ​ភាព​ងាយស្រួល​ក្នុងការ​ដឹក​ជញ្ជូន និងការ​បង្កើន​សក្តានុពល​វិនិយោគ​នៅតាម​តំបន់​ជាយក្រុង​ផងដែរ។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ីមសូរិយា បាន​ថ្លែង​ប្រាប់​ខ្លីៗ​ឲ្យដឹង​ថា ការ​សាងសង់​ផ្លូវក្រវ៉ាត់​ក្រុង គឹ​ដើម្បី​តភ្ជាប់​ពី​ច្រក​របៀង​១ ទៅកាន់​ច្រក​របៀង​១ផ្សេង​ទៀត ពោល​គឺ​ដើម្បី​តភ្ជាប់​ទៅកាន់​ផ្លូវជាតិ​សំខាន់ៗ​ដូចជា​ផ្លូវជាតិ​លេខ ១,២,៣,៤ និង​ផ្លូវជាតិ​លេខ៥។

លោក ងួន​ ឆាយលាង​ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Pointer បាន​ថ្លែង​ប្រាប់​ខ្លីៗ​ឲ្យដឹង​ដែរថា​ ការ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ បាន​រួម​ចំណែក​ការ​អភិវឌ្ឍ​តំបន់​ជាយ​ក្រុង ដែល​ជំរុញ​ឲ្យមាន​ការ​វិនិយោគ​លើ​វិស័យ​លំនៅឋាន​ដូចជា​បុរី និង​ផ្ទះល្វែង​ជាដើម។

បើ​តាមការ​លើកឡើង​របស់​លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ផ្លូវ​ក្រវ៉ាត់​ក្រុង​ នឹង​ចូលរួម​កាត់​បន្ថយការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ជំរុញ​ការ​ដឹក​ជញ្ជូន ភស្តុភារ និង​ទំនិញ មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ពី​ផ្លូវជាតិ​លេខ​៥ ទៅផ្លូវ​ជាតិ​លេខ២ និង​ទៅផ្លូវ​ជាតិ​លេខ១ បាន​ឆាប់​រហ័ស ជាពិសេស​ការ​តភ្ជាប់​ទៅកាន់​តំបន់​ទំនប់​កប់ស្រូវ។

លោក​បញ្ជាក់​ថា តំបន់​ទំនប់​កប់ស្រូវ កំពុង​មាន​ការ​អភិវឌ្ឍ​ខ្លាំង និង​ប្រែក្លាយ​ទៅជា​មជ្ឈមណ្ឌល​ស្តុក​ផ្គត់ផ្គង់ និង​ចែកចាយ​ទំនិញ នៅ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ តភ្ជាប់​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ផ្លូវជាតិ​លេខ១) និង​ទៅក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ផងដែរ។

សូមជម្រាប​ថា ​គិត​មកទល់​នឹង​បច្ចុប្បន្ន​នេះ ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី២ បាននឹង​កំពុង​សាងសង់​ដោយ​បាន​ចែកចេញ​ជា​២​កំណាត់។ កំណាត់ទី១​ មាន​ប្រវែង១០​គីឡូម៉ែត្រ​​ ដោយ​តភ្ជាប់​ពី​ផ្លូវ​ទំនប់​កប់ស្រូវ​(ឬ​ផ្លូវ​១២០K) ឆ្ពោះ​ទៅកាន់​មហាវិថី​សហព័ន្ធ​រុស្សី​ចំណាយ ១០​លានដុល្លារ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅខែ​មីនា ឆ្នាំ​២០១៧។ ចំណែក​ឯ កំណាត់​ទី២ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រុស្សី (ត្រង់​ស្តុប​ផ្សារ​ដីហុយ) ឆ្ពោះទៅ​ផ្លូវជាតិ​លេខ២​ (ត្រង់ស្ពាន​ព្រែក​សំរោង តា​ខ្មៅ) ចំណាយ​៦២​លាន​ដុល្លារ ដោយ​គ្រោងនឹង​បញ្ចប់​នៅឆ្នាំ​២០១៩។ ចំណែក​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែទី​៣ គ្រោងនឹង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​នេះ៕

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;