"គ្វាន់​តា​ណា​មេ​រ៉ា" បទ​ចម្រៀង​គុយ​បា​ ដែល​ល្បី​ពេញ​ពិភព​លោក​ដោយ​សារ​អាម៉េរិក័ង

  • 2018-04-06 04:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

គ្វាន់​តា​ណា​មេរ៉ា (Quantanamera) គឺ​ជា​បទ​ចម្រៀង​ស្នេហា​ជាតិ និង​ ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញរ​បស់​គុយ​បា​។ ជា​ភាសា​អេស្ប៉ាញ​ (ភាសា​ជាតិ​របស់​គុយបា​) គ្វាន់​តា​ណា​មេរ៉ា មាន​ន័យ​សំដៅ​លើ​ នារី​មក​ពី​ខេត្ត​គ្វាន់​តា​ណាម៉ូ​។ បទ​ភ្លេង​និង​ទំនុក​ច្រៀង នៃ​បទ​ចម្រៀង​នេះ​ត្រូវ​បាន​និពន្ធ​ដោយ​ លោក José Fernández និង​ចេញ​ផ្សាយ​ នៅ​ឆ្នាំ ១៩២៩។ ​ បទ​ចម្រៀង​នេះ​ ច្រៀង​រៀប​រាប់​រឿ​ងរ៉ាវ​ស្នេហារ​បស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​នារី​ជាទី​ស្រឡាញ់​របស់​គាត់​។

កាល​ដើម​ឡើយ បទ​ចម្រៀង​គ្វាន់​តា​ណា​មេរ៉ា ត្រូវ​បាន​ផលិត​និង​ចាក់​ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ​​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ជា​ពិសេស​កម្ម​វិធី​វិទ្យុ​ដែល​ដឹក​នាំ​ដោយ​លោក José Fernández​។ ប៉ុន្តែ នៅឆ្នាំ ១៩៦៦ បទ​ចម្រៀង​គ្វាន់​តា​ណាម៉េរ៉ា បាន​ចាប់​ផ្តើម​ល្បី​ល្បាញ​ពាស​ពេញ​ពិភព​លោក​ បន្ទាប់​ពី​ក្រុម​ចម្រៀងThe Sandpipers របស់​អាម៉េរិក័ង បាន​ច្រៀង​បទ​ចម្រៀង​នេះ​។

សូម​រំលឹក​ថា កាល​ពី​ឆ្នាំ ១៩៦៣ អ្នក​ចម្រៀង​អាម៉េ​រិក័ង​ម្នាក់​ឈ្មោះ Pete Seeger ក៏​បាន​ច្រៀងបទ​ចម្រៀង គ្វាន់​តា​ណា​មេរ៉ា នេះ​ដែរ​ ។ កាល​ណោះ គាត់​ច្រៀង​ជា​ភាសា​អេស្ប៉ាញ​។ ចម្រៀងរបស់ Pete Seeger ត្រូវ​គេ​ចាត់​ទុក​ថា ជានិ​មិត្ត​រូប​នៃ​ការ​រួប​រួម​គ្នា​រវាង​ពលរដ្ឋ​អាម៉េរិក័ង និង ពល​រដ្ឋ​គុយបា​ ប៉ុន្តែ​មិ​ន​ល្បីល្បាញ​ដូច​ក្រុម The Sandpipers ដែល​ច្រៀង​ និង​ថត​ជា​ថាស​លក់​នោះ​ទេ​។

នៅ​ឆ្នាំ​១៩៦៦ បទ​ចម្រៀង​គ្វាន់តា​ណាមេរ៉ា​ លក់​ដាច់​ជាប់​ចំណាក់​ថ្នាក់​លេខ​៩ ក្នុង​តារាង Billboard Hot 100 និង​ជាប់​ចំណាត់​ថ្នាក់​លេខ​៧ ក្នុង​តារាង UK singles chart របស់​ចក្រ​ភព​អង់​គ្លេស។

ជា​បន្ត​បន្ទាប់ បទ​ចម្រៀង​គ្វាន់​តា​ណា​មេរ៉ា បាន​ទាក់​ទាញ​ចំណាប់​​អារម្មណ៍​សិល្ប​ករ ផលិត​ករទូ​ទាំង​ពិភព​លោក។ សិល្ប​ករ​ជិត ១០០​នាក់​បាន​យក​បទ​ចម្រៀង​នេះទៅ​​ច្រៀង​ជាភាសា​ជាតិរបស់​ខ្លួន​ (Cover) ។ បើ​ទោះ​បី​ជា ទំនុក​ច្រៀង បាន​ផ្លាស់​ប្តូរ​ទៅ​តាម​ភាសា​របស់​ជាតិ​នីមួយៗ​ក៏ដោយ ក៏​ពាក្យ​គ្វាន់​តាណា​មេរ៉ា ត្រូវ​បាន​រក្សា​ទុក​​នៅ​ដដែល​ដែរ។

បទ​ចម្រៀង​របស់​ប្រទេស​គុយបា​១បទ​នេះ ក៏​បាន​ជះ​ឥទ្ធិពល​មក​ដល់​ចម្រៀង​ខ្មែរ​យើង​ដែរ​។ ​គេ​មិន​ដឹង​ថា​បទ​ចម្រៀង​របស់​អ្នក​ស្រីរស់ សេរីសុទ្ធា១​បទនេះ​ ត្រូវ​បាន​ផលិត និង​ដាក់​លក់​នៅ​ឆ្នាំ​ណា​ឱ្យ​ប្រាកដ​នោះ​ទេ។

ប្រជា​ប្រិយ​ភាព​របស់ បទ​ចម្រៀង​គ្វាន់​តាណា​មេរ៉ា​ បាន​រសាត់​ឆ្លង​ចូល​ដល់​សតវត្សរ៍​ទី​២១ នេះ​។ ក្រៅ​តែ​ពី​ការ​ផលិត​លក់​ បទ​ចម្រៀង​នេះ​ត្រូវ​បាន​ផលិត​ដើម្បី​ដាក់​បញ្ចូល​ទៅ ក្នុង​ខ្សែ​ភាព​យន្ត និង​ ច្រៀង​លេង​កម្សាន្ត​នៅ​តាម​ពិធី​នានា​ផង​ដែរ៕​


អត្ថបទ៖ ឃុត សុខឿន​