ស្ថាន​ទូត​អាម៉េរិក​នៅ​កម្ពុជា ដេញ​បុគ្គ​លិក​ខ្មែរ​-អាម៉េរិក័ង ៣២​នាក់​ចោល

  • 2018-04-13 15:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាន​ទូត​អាម៉េរិក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ បាន​បណ្តេញ​បុគ្គលិក​របស់​ខ្លួន​៣២​នាក់​ចេញ​ពី​ការងារ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ចែក​ចាយ​រូប​ភាព​អាស​អាភាស​នៅ​ក្នុង Group Chat មិន​ផ្លូវ​ការ​មួយ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​ស្ថាន​ទូត នៅ​ថ្ងៃ​សុក្រ​ទី ​១៣​ មេសា​ នេះ​។​

ប្រភព​ព័ត៌​មាន​ចំនួន​៤​នាក់​ បាន​រាយ​ការណ៍​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យទ័រ ( Reuters) ថា រូបភាព និង វីឌីអូ អាស​អាភាស​ ដែល​មាន​ទាំង​រូប​ភាព​ របស់​កុមារ​អាយុ​ក្រោម​ ១​៨ឆ្នាំ​ ផង​នោះ​ ត្រូវ​បាន​គេ​ចែក​ចាយ​នៅ​ក្នុង Group Chat ហ្វេស​ប៊ុក។ បន្ទាប់​មក​ភរិយា​អ្នក​ធ្វើ​ការ​ក្នុង​ស្ថាន​ទូត បាន​ឃើញ​រូប​ភាព​នោះ​ ហើយ​បាន​រាយ​ការណ៍​ទៅ​មន្ត្រី​ស្ថាន​ទូត​។ ប្រភព​បន្ត​ទៀត​ថា​ បញ្ហា​នេះ​ត្រូវ​បាន បញ្ជូន​ទៅ​ការិ​យា​ល័យ​ស៊ើប​អង្កេត​ FBI ​។

មន្ត្រី​ស្ថាន​ទូត​ ដែល​និយាយ​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យ​ទ័រ ( Reuters) ថា​ បុគ្គ​លិក​ទាំង​នោះ​ ត្រូវ​បាន​ដក​ហូត​ប័ណ្ណ​សម្គាល់​ខ្លួន និង ឆែក​ទូរ​សព្ទ​ដៃ​។ ប្រភព​បន្ត​ទៀ​តថា បុគ្គ​លិក​ទាំង ៣២​នាក់​នោះ មាន​ជន​ជាតិ​ខ្មែរ​ និង ជន​ជាតិ​អាម៉េរិ​ក័ង​ដើម​កំណើត​ខ្មែរ​ ហើយ​ពួក​គេ​ភាគ​ច្រើន​ជា​សន្តិ​សុខ និង​ស្មៀន​។ ក្នុង​ចំណោម​ពួក​គេ មិន​មាន​អ្នក​ការ​ទូត​ទេ​។

ប្រភព​២នាក់ ដែល​ជា​អ្នក​ធ្វើ​ការ​ក្នុង​ស្ថាន​ទូត បាន​បញ្ជាក់​ថា​ ពិត​ជា​មាន​ការ​បណ្តេញ​បុគ្គ​លិក​ចេញ​មែន​។

ជុំ​វិញ​បញ្ហា​នេះ​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ បាន​ស្រង់សំណេរ​តាម​អ៊ីមេល​របស់ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាម៉េរិក​ លោក David Josar ថា ស្ថាន​ទូត​អាម៉េរិក មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​បញ្ហា​បុគ្គល​ផ្ទៃ​ក្នុង​បាន​ទេ​។ អ្នក​នាំ​ពាក្យ​រូប​នេះសរសេរ​ថា​ ស្ថាន​ទូត​មាន​គោល​ការណ៍​រឹងមាំ ​និង​ ច្បាស់​លាស់​ចំពោះ​ការ​ប្រព្រឹត្តិ​សម​រម្យ​របស់​បុគ្គ​លិក ​និង​ មាន​នីតិ​វិធី​ប្តឹង​ទាស់​សម្រាប់​បុគ្គលិក​ ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ដោយ​មិន​ត្រឹម​ត្រូវ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឃុត សុខឿន​

អត្ថបទថ្មី
;