ដឹង​ពី​វត្ថុ​អនុស្សាវរីយដែល Sir Alex ជូន Wenger មុន​ការ​ប្រកួត​​យប់មិញ

  • 2018-04-30 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​តា​របស់​ក្លឹប Manchester United លោក Sir Alex Ferguson បាន​ជូន​​វត្ថុ​អនុស្សាវរីយ​មួយ ដល់​អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Arsene Wenger នៅ​ពេល​ដែល​លោក​ត្រូវ​ដឹកនាំ Arsenal ប្រកួត​ទល់នឹង Manchester United ជា​លើក​ចុងក្រោយ នៅ​កីឡដ្ឋាន Old Trafford កាលពី​យប់មិញ។

បើ​តាម​សារព័ត៌មាន Daily Mail បាន​ចុះផ្សាយ​ថា លោក Sir Alex បាន​ប្រគល់​វត្ថុ​អនុស្សាវរីយ​ជា ថូ មួយ ដល់​លោក Wenger ដែល​បាន​ដឹកនាំ Arsenal អស់​រយៈ​ពេល ២២​ឆ្នាំ។

លោក Jose Mourinho និង Sir Alex ស្វាគមន៍លោក Arsene Wenger នៅកីឡដ្ឋាន Old Trafford (រូបថត៖ Daily Mail)
ចាប់​តាំង​ពី​ជំនាន់​របស់​លោក Sir Alex មក Man Utd និង Arsenal មាន​ប្រវត្តិ​ជួប​គ្នា​ជា​ច្រើន ហើយ​ការ​ប្រកួត​យប់មិញ គឺ​ជា​លើក​ទី​២៨ នៃ​ការ​ដឹកនាំ​របស់ Wenger មក​កាន់​ទឹកដី Old Trafford ។ អ្នក​ចាត់​ការ​វ័យ ៦៨ឆ្នាំ​របស់​ក្រុម​មក​ពី​ក្រុង​ឡុងដ៍​ដដែល ក៏​ទទួល​បាន​ការ​ទះដៃ​អបអរសាទរ​ពី​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​ ពេល​ដើរ​ចូល​ក្នុង​ទីលាន​ផង​ដែរ។

សូម​រំឭក​ថា អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​របស់ Arsenal បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវ​ពី​ក្លឹប កាលពី​ដើម​ខែ​មេសា​កន្លង​ទៅ។ លោក​ជា​អ្នកចាត់ការ​តែ​ម្នាក់​គត់ ដែល​ដឹកនាំ​ក្លឹប​នៅ​ក្របខ័ណ្ឌ English Premier League យូរ​ជាងគេ​។

យប់មិញ Manchester United បាន​យក​ឈ្នះ Arsenal ដោយ​លទ្ធផល ២-១។ Man Utd ស៊ុត​បញ្ចូលទី​ដោយ Pogba និង Fellaini។ ចំណែក Arsenal ស៊ុត​ដោយ Henrikh Mkhitaryan​ ៕

Pogba ជាអ្នករកគ្រាប់ដំបូងឲ្យ Man Utd ពេលជួប Arsenal យប់មិញ (រូបភាព៖ Reuters)

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;