ជប៉ុន នឹង​ជួយ​ធ្វើឱ្យ​ភ្នំពេញ ក្លាយទៅ​ជា​ទីក្រុង​ឆ្លាតវៃ

  • 2018-05-01 09:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Yoshihisa Kainuma នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជប៉ុន Minebea (Cambodia) បាន​បញ្ជាក់​អំពី​ការ​ពេញចិត្ត​ក្នុង​ការ​រួម​ចំណែក​ធ្វើឲ្យ​រាជធានី​ភ្នំពេញ ក៏​ដូចជា​ទីក្រុង​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា ក្លាយ​ទៅជា ទីក្រុង​ឆ្លាតវៃ (Smart City) ដែល​មាន​គោលដៅ​ធ្វើឱ្យ​អគ្គិសនី​មាន​តម្លៃទាប។ លោក​និយាយ​ដូច្នេះ ទៅកាន់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ជំនួប​ពិភាក្សា​១ នៅ​ក្រុមហ៊ុន Minebea ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នា​ព្រឹកថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៨។

សម្តេច ហ៊ុន សែន ក្នុងជំនួបពិភាក្សាជាមួយលោក Yoshihisa Kainuma នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅក្រុមហ៊ុន Minebea។ រូបថត៖ FB សម្តេច ហ៊ុន សែន
លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ បាន​បង្ហាញ​ពីក្តី​រីករាយ ដោយសារ​មានការ​គាំទ្រ​ពី​សម្ដេច ហ៊ុន សែន ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​របស់​លោក បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​ក្រុមហ៊ុន​អគ្គីសនី ក្នុងការ​ផលិត​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ាត់ ធ្វើឱ្យ​តម្លៃ​អគ្គិសនី​ធ្លាក់ចុះ​ទាប ហើយ​ក្រុមហ៊ុន​មាន​លទ្ធភាព​ធ្វើការ​ប្រកួត​ប្រជែង​បាន។

ជាការ​ឆ្លើយតប សម្តេច ហ៊ុន សែន បាន​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​របស់​ក្រុមហ៊ុន​ក្នុងការ​ជួយ​ក្នុង​វិស័យ​អគ្គិសនី ជាពិសេស​ការ​អភិវឌ្ឍនូវ​ក្រុង​ឆ្លាតវៃ។

គួរ​រំលឹក​ថា អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​ នៅ​ប្រទេស​សិង្ហបុរី​កាលពីចុងសប្តាហ៍​កន្លង​ទៅ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ធ្វើ​ការ​ស្នើ​ជ្រើសរើស​ទីក្រុង​ចំនួន ២៦ នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០ ធ្វើ​ជា​ទីក្រុង​សាកល្បង​នៃគម្រោង​បណ្ដាញ​ក្រុង​ឆ្លាតវៃ​អាស៊ាន (ASCN)។ ក្នុង​នោះ មាន​ទីក្រុង​របស់​កម្ពុជា​ចំនួន៣​ផងដែរ គឺ រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប។

រមណីយដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញ (រូបថតខែកុម្ភៈ ឆ្នាំ២០១៨)

មក​ទល់ពេល​នេះ ក្រុមហ៊ុន Minebea (Cambodia) បាន​វិនិយោគ​នៅ​កម្ពុជា លើ​ទឹកប្រាក់​ប្រមាណ ១៤០លាន​ដុល្លារ ហើយ​បើ​បូក​ទាំងការ​ចំណាយ​ទៅលើ​ការ​ដឹក​ជញ្ជូន​ផ្សេងៗ​ទៀត គឺ​សរុប​ទាំងអស់​ប្រមាណ​ជា ១៧០លាន​ដុល្លារ​រួចហើយ៕

អត្ថបទទាក់ទង៖ នាយក​រដ្ឋមន្រ្តី ផ្តល់​អនុសាសន៍​៣​ចំណុច ដើម្បី​រៀបចំ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;