ចិន​បង្ហោះ​ផ្កាយ​រណប​ថ្មី ដើម្បី​ស្វែងយល់​ពី​ផ្នែក​ងងឹត​នៃ​ព្រះ​ចន្ទ

  • 2018-05-21 01:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ ចិន​បាន​បាញ់​ផ្កាយ​រណប​ថ្មី​មួយ​ទៀត ដើម្បី​ផ្លាស់ប្ដូរ​វេន​គ្នា​ជាមួយ​ផ្កាយ​រណប​ចាស់ ក្នុង​ការ​ស្វែង​យល់​ពី​ទំនាក់​ទំនង​រវាង​ផែនដី និង​ព្រះ​ចន្ទ។ បេសកកម្ម​ថ្មី​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការ​ស៊ើប​អង្កេត​ផ្នែក​ងងឹត​នៃ​ព្រះ​ចន្ទ។

រ៉ុកកែត Long March-4C ដែល​ផ្ទុក​ផ្កាយ​រណប Queqiao/ រូបភាព៖ Xinhua
បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា ផ្កាយ​រណប​ថ្មី​នេះ​មាន​ឈ្មោះ​ថា Queqiao ត្រូវ​បាន​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល Xichang ដែល​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស ​នា​វេលា​ម៉ោង ៥ និង​២៨​នាទី​ព្រឹក។ ផ្កាយ​រណប Queqiao នឹង​ហោះ​ចូល​គន្លង​ព្រះ​ចន្ទ ដែល​មាន​រយៈ​ចម្ងាយ​ពី​ផែនដី​ប្រមាណ​ជាង ៤៥​ម៉ឺន​គីឡូ​ម៉ែត្រ តាម​រយៈ​គ្រាប់​រ៉ុកកែត Long March-4C ហើយ​វា​នឹង​ក្លាយ​ជា​ផ្កាយ​រណប​ដំបូង​គេ​បង្អស់​ដែល​រត់​ទៅ​ដល់​ទី​នោះ។

ចិន​មាន​គម្រោង​ប្រកួត​ប្រជែង​ជាមួយ​រុស្ស៊ី និង​អាមេរិក ដើម្បី​ប្រែ​មុខមាត់​ទៅ​ជា​មហា​អំណាច​អវកាស​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ។ នៅ​ឆ្នាំ​២០១៩ ចិន​គ្រោង​នឹង​សាងសង់​ស្ថានីយ​អវកាស​មួយ​ដែល​អាច​ផ្ទុក​មនុស្ស​បាន៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;