កម្ពុជា-ថៃ ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ជាង ៣០​ម៉ឺន​នាក់​ ក្នុង​ចំណោម​ពលករ​ខុសច្បាប់...

  • 2018-05-22 06:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​បាន​រួមគ្នា​ផ្តល់​ភាព​ស្រប​ច្បាប់​ជូន​ពលករ​កម្ពុជា​ជាង ៣០​ម៉ឺន​នាក់​រួច​ហើយ ក្នុង​ចំណោម​ពលករ​ជាង ៤០​ម៉ឺន​នាក់ ដែល​កំពុង​បម្រើ​ការងារ ដោយ​ខុស​ច្បាប់នៅ​ក្នុង​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​លើ​ហ្វេសប៊ុក​ផេក​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨​នេះ។

លោក Panyarak Poolthup ឯក​អគ្គរាជទូត​​ថៃប្រចាំ​កម្ពុជា (ឆ្វេង) និង​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (ស្ដាំ)
ការ​បញ្ជាក់​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Panyarak Poolthup ឯក​អគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២២ ខែ​ឧសភា ២០១៨នេះ នៅ​ទីស្តីការ​ក្រសួង។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថា ពលករ​កម្ពុជា ដែល​បម្រើ​ការងារ​ដោយ​គ្មាន​ឯកសារ​ស្របច្បាប់ នៅ​ក្នុង​ប្រទេស​ថៃ ពី​មុន​មក​នោះ ឥឡូវ​នេះ​បាន​ទទួល​ភាព​ស្រប​ច្បាប់​ជិត​អស់​ហើយ និង​កំពុង​បន្ត​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​រួចរាល់ នៅ​មុន​ដំណាច់ ខែ​មិថុនា ឆ្នាំ២០១៨ខាង​មុខ​នេះ។

លោក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ទៀត​ថា នៅ​ពាក់​កណ្តាល​ខែ​មិថុនា ក្នុង​ឆ្នាំ​នេះ លោក​នឹង​ដឹកនាំ​គណប្រតិភូ​ក្រសួង​ការងារ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ចុងក្រោយ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់។ ក្រៅ​ពី​នេះ លោក​ខិតខំ​ជំរុញ​ល្បឿន នៃ​កិច្ចស​ហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ ក៏ដូចជា​វិស័យ​ដទៃ​ទៀត ឱ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព។

សូម​បញ្ជាក់​ថា បើតាមតួលេខ​របស់​ក្រសួង​ការងារថៃ កាលពី​ខែកក្កដា ឆ្នាំ២០១៧ ពលករ​កម្ពុជា ​ដែល​កំពុងតែធ្វើការ​ងា​រ​នៅ​ប្រទេស​ថៃ មាន​ចំនួន​១​លាន ៥​ម៉ឺន​នាក់ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;