គ.ជ.ប រំពឹង​ថា ប្រជាពលរដ្ឋ​នឹង​ចូលរួម​បោះឆ្នោត​លើសពី ៥០%

  • 2018-05-24 10:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដោយ​បង្ហាញ​ក្តី​រំពឹង​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ នឹងមាន​ប្រជាពលរដ្ឋ​ចូលរួម​លើស​ពី ៥០%។

លោក​បាន​លើកឡើង​ថា មូលហេតុ​ដែល​លោក​ហ៊ាន​សន្និដ្ឋាន​ដូច្នេះ​ គឺផ្អែក​ទៅលើ​តួលេខ​អ្នក​បាន​ទៅ​ចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០១៧ ដោយមាន​គណបក្ស​១ ទទួលបាន​សំឡេង​ឆ្នោត​ដល់ទៅ​ជាង ៣លាន ពោលគឺ​ជាង ៥០% រួចទៅ​ហើយ។ ក្រៅពីនេះ​ក៏​នៅមាន​អ្នក​គាំទ្រ​គណបក្ស​ចំនួន ១៩​ផ្សេង​ទៀត​ផងដែរ។

លោក ហង្ស ពុទ្ធា ក្នុងកិច្ចប្រជុំ១នៅ គ.ជ.ប កាលពីពេលកន្លងមក
គួរ​រំលឹក​ថា កាលពី​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០១៧ គឺមាន​អ្នក​ចូលរួម​បោះឆ្នោត ៧,១០លាន​នាក់ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​បោះឆ្នោត​ជាង ៧,៨៦លាន​នាក់ (ស្មើនឹង​ជាង ៩០,៣៧%)។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត ៣,៥៤​លាន (៥០,៧៦%) និង​គណបក្ស​សង្គ្រោះ​ជាតិ (បច្ចុប្បន្ន​ត្រូវ​បាន​រំលាយ​ហើយ) ទទួល​បាន​សំឡេង​ឆ្នោត ៣,០៤លាន (៤៣,៨៣%)។

ចំណែក​ការ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត កាលពី​ឆ្នាំ​២០១៣ គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦,៦លាន​នាក់ (៦៨,៥%) បាន​ទៅ​ចូលរួម​បោះឆ្នោត ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​បោះឆ្នោត​សរុប​ ៩,៦៧លាន​នាក់។ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត ៣,២៣​លាន (៤៨,៨៣%) និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត ២,៩៤លាន (៤៤,៤៦%)។

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅមណ្ឌល១កន្លែង ក្នុងរាជធានីភ្នំពេញ

មន្រ្តី​ជាន់ខ្ពស់ គ.ជ.ប រូប​នេះ ក៏បាន​អះអាង​ដែរ​ថា ការ​បោះឆ្នោត​តំណាងរាស្រ្ត​នាខែ​កក្កដា​ខាងមុខ​នេះ នឹង​ប្រព្រឹត្ត​ដោយ​រលូន បើទោះ​បីជា​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង និង​បណ្តា​អង្គការ​មួយចំនួន​ដែល​តាំងខ្លួន​ឯករាជ្យ ដើម្បី​ចូលរួម​ក្នុង​ការអង្កេត​ការណ៍​ក៏ដោយ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;