រដ្ឋមន្រ្តី​ក្រសួង​សាធារណការ បញ្ជាក់​ជាថ្មី​អំពី​គម្រោង​រថភ្លើង​លើ​អាកាស​នៅ​ភ្នំពេញ

  • 2018-05-30 01:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ក្រសួង​កំពុង​តែបន្ត​សហការ​ជាមួយ​អង្គការ JICA សិក្សា​គម្រោង​រថភ្លើង​លើ​អាកាស (AGT) ពី​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន​ផ្លូវដែក បាត់ដំបង-ពោធិ៍សាត់ កាលពី​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក​បន្ត​ថា ក្រោយពេល​សិក្សា​ចប់​សព្វគ្រប់ គម្រោង​នេះ​អាចនឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅឆ្នាំ​២០១៩។ លោក​អះអាង​ថា ជប៉ុន​ឯកភាព​ឱ្យ​កម្ពុជា​ខ្ចីជាង ៨០០លាន​ដុល្លារ ដើម្បី​សាងសង់​រថភ្លើង​លើ​អាកាស​នេះ។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
ការ​លើកឡើង​របស់​លោក​រដ្ឋមន្រ្តី​ខាងលើ​នេះ គឺ​បន្ទាប់ពី​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចេញផ្សាយ​ថា ជប៉ុន មិន​ឱ្យលុយ​មក​កម្ពុជា សាងសង់​រថភ្លើង​នេះ​ទេ ដោយសារ​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ។

បើតាម​គម្រោង​ដែល​អាជ្ញាធរ​បាន​បង្ហាញ​នាពេល​កន្លងមក ឱ្យដឹង​ថា គម្រោង​​រថភ្លើង​​លើ​អាកាស AGT មាន​ប្រវែង ១៨​គីឡូម៉ែត្រ រត់តាម​បណ្តោយ​ផ្លូវ​មួយ​ចំនួន​ដូចជា៖ មហា​វិថី​ហ្សាល​ដឺហ្គោល មហា​វិថី​ព្រះ​មុនីរ៉េត ផ្លូវ​លេខ ២១៧ ផ្លូវ​វេងស្រេង ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ និង​១ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​កប់​ស្រូវ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា គម្រោង​ដឹកជញ្ជូន​លើ​អាកាស​ខ្នាត​មធ្យម​នេះ ជា​ផ្នែកមួយ​ដ៏​សំខាន់​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ក្នុងការ​ចូលរួម​​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ការ​ប្រែប្រួល​អាកាស​ធាតុ និងការ​វិវត្ត​នៃ​សង្គម​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត៕

ផែនទីនៃគម្រោងរថភ្លើងលើអាកាស AGT នៅរាជធានីភ្នំពេញ (រូបថត៖ FB រដ្ឋបាលរាជធានីភ្នំពេញ)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;