ប្រទេស​មហា​អំណាច​យោធា២ ប្រកាស​លូក​ដៃ​ចូល​សមុទ្រ​ចិន​ខាងត្បូង ប្រឆាំង​នឹង​ក្រុង​ប៉េកាំង

  • 2018-06-04 03:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​បារាំង និង​ចក្រភព​អង់គ្លេស បាន​ប្រកាស​ថា នឹង​ចល័ត​នាវា​ចម្បាំង​របស់​ពួកគេ​ចូល​ក្នុង​តំបន់​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ប្រឆាំង​នឹង​ក្រុង​ប៉េកាំង ដែល​បាន​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​ដោយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​មហាអំណាច​យោធា​ទាំង​ពីរ ក្នុង​កិច្ចប្រជុំ Shangri-La នៅ​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី៣ ខែ​មិថុនា ២០១៨ ម្សិលមិញ។

លោក Jim Mattis រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក ថ្លែង​ក្នុង​កិច្ចប្រជុំ Shangri-La នៅ​ប្រទេស​សិង្ហបុរី
លោកស្រី Florence Parly រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​បាន​លើក​ឡើង​ថា បារាំង​នឹង​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន ចូល​ក្នុង​តំបន់​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​ចិន​អះអាង​ថា​ជា​ដែន​ទឹក​របស់​ខ្លួន។ លោកស្រី​ថា បារាំង​មិនមែន​ជា​ភាគី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ ប៉ុន្ដែ​សកម្មភាព​នេះ គឺ​ដើម្បី​រួម​ចំណែក​រក្សា​សណ្ដាប់ធ្នាប់​ដោយ​យោង​តាម​ច្បាប់។
លោកស្រី Florence Parly រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​ (រូបភាព៖ Reuters)

ចំណែក​លោក Gavin Williamson រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​បាន​បញ្ជាក់​ថា អង់គ្លេស​នឹង​បញ្ជូន​នាវា​ចម្បាំង ៣​គ្រឿង ចូល​ក្នុង​តំបន់​សមុទ្រ​ចិនខាងត្បូង នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ដោយ​យោង​តាម​ច្បាប់ ដែល​មាន​ជា​យូរ​មក​ហើយ។

លោក Gavin Williamson រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​ (រូបភាព៖ Reuters)

ការ​ប្រកាស​របស់​ប្រទេស​មហា​អំណាច​យោធា និង​ជា​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំង​ពីរ គឺ​ក្រោយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក  Jim Mattis កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន បាន​ព្រមាន​ថា ការ​ពង្រីក​អនុត្តរភាព​យោធា​របស់​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ប្រឈម​នឹង​ផល​វិបាក​កាន់​តែ​ធំឡើង៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;