កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួន​ពីអូស្រ្តាលីមក​កម្ពុជា នឹង​ត្រូវបញ្ចប់ចុងឆ្នាំនេះ

  • 2018-06-05 04:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ឱ្យដឹងថា ​កិច្ចព្រមព្រៀង​ ស្ដី​ពី​ការ​បញ្ជួន​ជន​ភៀស​រវាង​កម្ពុជា​និង​អូស្ត្រាលី​ នឹង​ត្រូវ​អស់សុពលភាពនៅ​ខែ​សីហា​ ឆ្នាំ​២០១៨​ខាង​មុខនេះហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយរបស់​កាសែត ជា​ភាសា​អង់គ្លេស​ KhmerTimes នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ បានប្រាប់​កាសែត​ KhmerTimes ថា​ កម្ពុជា​នឹង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញទៅ​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ​ នៅ​ពេល​ដែល​វា​អស់សុពលភាព នៅខែសីហា។​

លោក ខៀវ សុភ័គ បាន​បន្ថែមទៀតថា មក​ទល់​នឹង​ពេល​នេះ ​កិច្ចព្រមព្រៀង​ខាងលើ បាន​ចូល​ជា​ធរមាន​អស់​រយៈ​ពេល​ជាង​ ២ ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មានជន​ភៀស​ខ្លួនមួយចំនួន​ប៉ុណ្ណោះ​ ដែលសម្រេច​ចិត្ត​មក​កាន់​ប្រទេស​កម្ពុជា បន្ទាប់មក​ ពួកគេ​បានចាកចេញពីកម្ពុជា ទៅស្រុកកំណើតរបស់គេវិញ​។ សព្វថ្ងៃ​នេះ​ មាន​ជន​ភៀស​ខ្លួន​​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា។

លោក ខៀវ សុភ័គ ថ្លែង​នា​ពេល​កន្លង​មក
អ្នកនាំពាក្យរូបនេះ បន្តថា៖ "កម្ពុជា ​នឹង​ធ្វើ​ការ​ពិចារណា​ចំពោះ​រឿង​នេះ ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​ភាគី​ខាង​អូស្ត្រាលី ថាតើ​ពួក​គេ​ចង់​បន្ត​ទៀត ឬ​អត់។ យើង​តែងតែ​គោរព​កិច្ចព្រមព្រៀង​នេះ​ជានិច្ច​ ប៉ុន្តែ​យើងក៏នឹង​គោរព​តាម​ការ​សម្រេច​ចិត្ត​ ដែល​ធ្វើ​ឡើង​​ដោយ​ភាគី​ខាង​អូស្ត្រាលី​ផង​ដែរ​"។

សារព័ត៌មាន​អូស្ត្រាលី​ Australian Associated Press កាល​ពី​ថ្ងៃ​ទី ៣១ ឧសភា​កន្លង​ទៅ បានផ្សាយថា​កិច្ចព្រមព្រៀង​ ស្ដី​ពី​ការ​បញ្ជួន​ជន​ភៀស​រវាង​កម្ពុជា​និង​អូស្ត្រាលី​ ដែល​ពុំ​ទទួល​បាន​ជោគជ័យ​នោះ នឹង​ត្រូវ​បញ្ចប់​នា​ចុង​ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះហើយ។ ការ​ផ្សាយ​នេះ ធ្វើឡើងដកស្រង់​សម្តីរបស់​ អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ និង​កិច្ចការ​បរទេស​អូស្ត្រាលី អំឡុង​ពេលនៃកិច្ចប្រជុំព្រឹទ្ធសភាអូស្រ្តាលី។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ចាប់ដៃ​ជាមួយ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull នៅ​ឯ​កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី កាលពីពេល​កន្លងទៅ។ រូបភាព៖ AAP

គួរ​រម្លឹក​ដែរ​ថា កម្ពុជា​និង​អូស្ត្រាលី កាលពី​ឆ្នាំ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ បាន​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ទទួល​ជនភៀសខ្លួន​ពី​កោះ​ណាវរុ(Nauru) មក​តាំង​ទីលំនៅ​នៅ​កម្ពុជា។ ពិធីចុះហត្ថលេខាជាផ្លូវការនោះ ដឹកនាំដោយ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង លោក ស្កតម៉ូរីស៊ិន(Scott Morrison) រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលី៕

អត្ថបទ៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;