យីងឡាក់ បំបែក​ភាព​ស្ងប់ស្ងាត់ ក្រោយ​រត់​ចេញ​ពី​ប្រទេស​អស់​ជា​ច្រើន​ខែ

  • 2018-06-22 01:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ លោក​ស្រី យីងឡាក់ អតីត​នាយករដ្ឋមន្ត្រី​ថៃ មិន​ដែល​បង្ហាញ​សកម្មភាព​អ្វី​ឡើយ​ជា​សាធារណៈ គឺ​ទើប​តែ​ម្សិលមិញ (ថ្ងៃ​ទី​២១​មិថុនា) លោក​ស្រី​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ជា​លើក​ដំបូង។

ការ​បង្ហោះ​សារ​នេះ ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​កំណើត​គម្រប់​ខួប ៥១​ឆ្នាំ​របស់​លោក​ស្រី យីងឡាក់។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ បាន​សរសេរ​ថា៖ "នេះ​គឺ​ជា​ថ្ងៃ​កំណើត​ដំបូង​របស់​ខ្ញុំ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បរទេស។ ខ្ញុំ​ចង់​អរគុណ​ប្រជា​ពលរដ្ឋ​ថៃ​ទាំង​អស់ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​នឹង​ខ្ញុំ​ដដែល"។ ក្រៅ​ពី​សារ​នេះ លោក​ស្រី​ក៏​បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​នៅ​លើ​គណនី Twitter និង Instagram ផ្លូវការ​របស់​លោក​ស្រី​ផង​ដែរ។

គួរ​បញ្ជាក់​ថា លោក​ស្រី យីងឡាក់ បាន​បាត់​ខ្លួន​ពី​ប្រទេស​ថៃ ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៧​មក​ម៉្លេះ ដោយ​ខកខាន​មិន​បាន​ចូលរួម​ស្ដាប់​​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​ថៃ។ លោក​ស្រី ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុង​ការ​ទិញ​ស្រូវ​មក​ស្ដុក​ទុក ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​រដ្ឋ​យ៉ាង​ហោច​ណាស់ ៨​ពាន់​លាន​ដុល្លារ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;