កម្ពុជា ទទួល​បាន​កម្ចី ១១០លាន​ដុល្លារ ពី WB សម្រាប់​ជួសជុល​ផ្លូវជាតិ​លេខ៤

  • 2018-06-24 02:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ពិភពលោក (WB) បាន​សម្រេច​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​គ្មាន​ការ​ប្រាក់ ចំនួន ១១០លាន​ដុល្លារ ឱ្យ​កម្ពុជា សម្រាប់​គម្រោង​ជួសជុល​កែ​លម្អ​ផ្លូវ​ជាតិ​លេខ៤ ប្រវែង​ជាង ២០០​គីឡូម៉ែត្រ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨។

តាមរយៈ​ជំនួយ​នេះ ផ្លូវជាតិ​លេខ៤ ដែល​ជាផ្លូវ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់ ទៅ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ នឹង​ទទួល​បាន​ការ​បង្កើន​គុណភាព​ឱ្យ​ល្អជាង​មុន តាមរយៈ​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពីលើ និង​ការ​រៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សង​ខាងផ្លូវ ការ​ដាក់​លូ​បង្ហូរទឹក និង​ការធ្វើ​ស្ពាន នៅក្នុង​តំបន់​ងាយ​លិចទឹក នៅតាម​ដង​ផ្លូវនេះ។

ផ្លូវជាតិលេខ៤ ត្រង់ចំណុចចម្ការដូងប្រេង​ នៅក្នុងខេត្តព្រះសីហនុ (រូបថត៖ ខែមករា ឆ្នាំ២០១៨)
សេចក្តី​ប្រកាស​នេះ បាន​ដកស្រង់​សម្តី​លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យដឹង​ថា ការកែ​លម្អ​ស្ថានភាព​ផ្លូវជាតិ​លេខ៤​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា និង​ការ​ចំណាយ​លើការ​ដឹកជញ្ជូន ដែល​អាច​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំងឡើង​ថែមទៀត​នៅក្នុង​តំបន់។

ចំណែក​លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកា​គ្រប់​គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បានមាន​ប្រសាសន៍​ថា ការខ្វះ​ចន្លោះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ជាការ​ប្រឈម​ដ៏ធំមួយ​ដល់​សមត្ថភាព​ប្រកួត​ប្រជែង និង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន។ គម្រោង​ដែល​នឹង​កែលម្អ​ស្ថានភាព​ផ្លូវ​ជាតិលេខ​៤នេះ នឹង​ជួយ​ដោះស្រាយ​ភាព​ប្រឈម​ទាំងនោះ ហើយ​វា​នឹង​ពង្រីក​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​កម្ពុជា។

សេចក្តី​ប្រកាស​ដដែល​ បានបន្ថែម​ថា ជំនួយ​ហិរញ្ញប្បទាន​នេះ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ផងដែរ ដើម្បី​បង្កើន​សមត្ថភាព​របស់​ស្ថានីយ​ថ្លឹង​រថយន្ត​បច្ចុប្បន្ន និង​ជួយ​កាត់​បន្ថយហានិភ័យ ដែល​បណ្តាល​មកពី​ការ​ដឹក​ទំនិញ​លើស​ទម្ងន់។ សុវត្ថិភាព​ផ្លូវ នឹង​ត្រូវ​ចាត់ទុក​ជា​អាទិភាព​ចម្បង តាមរយៈ​ការ​កំណត់​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត ផ្លូវ​មាន​សុវត្ថិភាព និង​កែ​លម្អ​ផ្លូវខ្នាត​តូចភ្ជាប់ផ្លូវ​ឡើង​មក​ផ្លូវ​ជាតិ ដែល​រួមមាន​ទាំង​ការដំឡើង​ស្លាកសញ្ញា​បង្ហាញ​ផ្លូវ បង្គោល​ភ្លើង​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ និង​កាមេរ៉ា​ចាប់ល្បឿន​រថយន្ត​ទៀតផង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;