អ្នកជំនាញ រំឭកអ្នកមើល World Cup តាមអ៊ីនធឺណិត ឲ្យប្រយ័ត្នចំពោះការឆ្លងមេរោគ
- 2018-06-25 03:42:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ រំឭកអ្នកមើល World Cup តាមអ៊ីនធឺណិត ឲ្យប្រយ័ត្នចំពោះការឆ្លងមេរោគ
ចន្លោះមិនឃើញ
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសង់ត្រាល់ លោក ង៉ែត ម៉ូសេ បានលើកឡើងអំឡុងពេល World Cup 2018 ថា កម្មវិធីកុំព្យូទ័រ ទូរស័ព្ទ និងតំណភ្ជាប់មួយចំនួនដែលអ្នកប្រើប្រាស់បានឃើញនៅលើ Google ឬបណ្ដាញសង្គមដូចជាហ្វេសប៊ុក អាចនាំពួកគេទៅកាន់វេបសាយដែលមានមេរោគ ឬហៅថា Malicious Website ។
លោក ង៉ែត ម៉ូសេ លើកឡើងថា ពពួកមេរោគ Malware ដែលឆ្លងចូលទៅក្នុងទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់ មិនត្រឹមតែបង្កគ្រោះដល់អ្នកប្រើប្រាស់ប៉ុណ្ណឹងទេ ប៉ុន្តែពពួកមេរោគទាំងនោះ ក៏អាចឆ្លៀតឱកាសគ្រប់គ្រងទូរស័ព្ទ កុំព្យូទ័រ និងកម្មវិធីមួយចំនួន ឬគណនីហ្វេសប៊ុក ដើម្បីចម្លងមេរោគទៅកាន់អ្នកដទៃដែលមាននៅក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកប្រើប្រាស់នោះផងដែរ តាមរយៈការផ្ញើអ៊ីមែល ទៅទូរស័ព្ទ ឬផ្ញើសារទៅកាន់មិត្តភ័ក្ដិហ្វេសប៊ុករបស់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា Malware ឬមកពីពាក្យថា Malicious Software ត្រូវបានគេឲ្យនិយមន័យសំដៅលើប្រភេទកម្មវិធី ឬបណ្តុំនៃកូដដែលបង្កើតមកក្នុងគោលដៅបំផ្លាញប្រព័ន្ធដំណើរការរបស់ម៉ាស៊ីន លួចទិន្នន័យរបស់អ្នកប្រើប្រាស់ និងគ្រប់គ្រងដំណើរការនៅក្នុងម៉ាស៊ីន។ ពពួកមេរោគ Malware មានប្រភេទផ្សេងៗគ្នាដូចជាពពួក Spyware, Ransomware, Virus, Worms, Trojan Horses, Adware និងប្រភេទ Scareware ជាដើម។ ពពួកមេរោគទាំងនេះមានវិធីវាយប្រហារ និងរបៀបលាក់ខ្លួននៅទីតាំងផ្សេងៗ គ្នាក្នុងម៉ាស៊ីន និងលើគេហទំព័រដែលមានមេរោគ។
លោក ង៉ែត ម៉ូសេ ផ្តល់យោបល់ថា ដើម្បីទប់ស្កាត់ និងចៀសវាងការឆ្លងមេរោគពីលើអ៊ីនធឺណិតទាំងនេះ អ្នកប្រើប្រាស់គួរដំឡើងកម្មវិធីម៉ាស៊ីន ឬហៅថា OS ពីក្រុមហ៊ុន ធ្វើការដំឡើង ឬហៅថា Update កម្មវិធីទៅជំនាន់ចុងក្រោយ គួរមានកម្មវិធីកម្ចាត់មេរោគ និងគួរផ្ទៀងផ្ទាត់កម្មវិធីឲ្យបានច្បាស់លាស់ មុននឹងទាញយក និងដំឡើងកម្មវិធីនោះនៅលើកុំព្យូទ័រ និងទូរស័ព្ទដៃ៕