លម្អិត​អំពី​ចំណត​ផែ​ពហុបំណង​ ដែលត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅព្រឹក​នេះ

  • 2018-06-25 04:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យដឹង​នៅ​ព្រឹកថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​ថា ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ សាងសង់​ដោយ​ក្រុមហ៊ុន TOYO Construction Co., Ltd ចង​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន MAEDA Corporation មកពី​ប្រទេស​ជប៉ុន​ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​ជាង ៤៧,៧ លាន​ដុល្លារ​អាមេរិក។ ចំណតផែ​នេះ ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ការងារ​សាងសង់​ពីថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ​២០១៥ និង​បញ្ចប់​នៅ​ថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ​២០១៨ (មាន​រយៈពេល ៤២​ខែ) និង​ត្រួត​ពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន Nippon Koei Co., Ltd ចង​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន Oriental Consultants Global Co., Ltd. JV។

ចំណតផែ​ពហុ​បំណង ដែលបាន​សាងសង់​រួមមាន៖ ចំណតផែ​ទំនិញ​រាយ​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ​ទឹក ១៣,៥​ម៉ែត្រ ចំណតផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​ការ​រុករក​ប្រេង​ប្រវែង ២០០​ម៉ែត្រ ជម្រៅ​ទឹក ៧,៥ម៉ែត្រ និងការ​ផ្គត់ផ្គង់​នាវា​សណ្តោង(Tugboat) ក្រោម​ហិរញ្ញប្បទាន​សម្បទាន​មាន​ទឹកប្រាក់ សរុប​ចំនួន​ប្រមាណ ៧៤ លាន​ដុល្លារ​អាមេរិក ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ ការ​អន្តរជាតិ​ជប៉ុន (JICA) រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​នេះ អាច​ស្រូបយក​នូវ​ចំណែក​ទីផ្សារ​រហូតដល់​ជាង​៧០% នៃ​ចរាចរណ៍​ទំនិញ​ចេញ-ចូល​សរុប​របស់​កម្ពុជា ដែលក្នុង​នោះ វាបាន​បម្រើ​នូវ​សេវាកម្ម ចំនួន​៤​រួមមាន៖

ទី១. ប្រើប្រាស់​សម្រាប់​ជា​ចំណត​នាវា​ដឹកអ្នក​ធ្វើ​ដំណើរ​ទេសចរណ៍

ទី២. សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​រាយ

ទី៣. សម្រាប់​ដឹក​ជញ្ជូន​កុងត័រនឺ​ឆ្លងកាត់

និងទី៤. ប្រើ​សម្រាប់​ជួយ​គាំទ្រ​ជាមូលដ្ឋាន​ភស្តុភារ​ផ្គត់ផ្គង់​ការ​រុករក​ប្រេង និង​ការធ្វើ​អាជីវកម្ម​បេ្រង​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដែលនឹង​ជំរុញ​ដល់ការ​អភិវឌ្ឍ​ផែ្នក​សេដ្ឋកិច្ច​ជាតិ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ចំណតផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ថា ចំណត​ផែ​នេះ គឺជា​ច្រកទ្វារ​សេដ្ឋកិច្ច​ជាតិ​មួយ​ដ៏​សំខាន់ សម្រាប់​ដោះដូរ​ផលិតផល​កសិកម្ម និង​កសិ-ឧស្សាហកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក ដោយបាន​តភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ២, លេខ៣, លេខ៤ ផ្លូវ​រថភ្លើង និងជា​ពិសេស​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ដែល​គ្រោងនឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក​បន្ថែម​ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កើនឡើង​នៃ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ នាពេល បច្ចុប្បន្ន និងក្នុង​ពេល​អនាគត កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ គ្រោងនឹង​ពង្រីក​សមត្ថភាព​របស់​កំពង់ផែ​បន្ថែម​ទៀត តាម​រយៈ​ការ​កសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​ទៀត ដែលមាន​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ ប្រវែង ៣៥០​ម៉ែត្រ។ កំពង់ផែ​ទឹកជ្រៅ​នេះ នឹង​ធានា​ដល់ការ​ចូលចត​នាវា​កុងតឺន័រ​ខ្នាតធំ ចំណុះ ៦​ម៉ឺន​តោន រហូត​ដល់ ៩៣% នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ដើមឆ្នាំ​២០២៣។

លោក​រដ្ឋមន្រ្តី​បាន​អះអាង​ថា កំពង់ផែ​ស្វយ័តក្រុង​ព្រះសីហនុ នឹង​ក្លាយ​ទៅជា​កំពង់ផែ​លំដាប់ថ្នាក់​មធ្យម ដោយ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​នឹង​មាន​បរិមាណ លើសពី ១លានTEUs/ឆ្នាំ រីឯ​តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទៅ-មក​កម្ពុជា នឹងកាន់​តែចុះ​ទាប​ប្រហាក់​ប្រហែល​នឹង​ថ្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេស​ជិតខាង៕

រូបថតចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ ថត​ពីលើអាកាស៖ ប្រភពពី​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨

អត្ថបទ៖ សំភី

អត្ថបទថ្មី
;