ថៃប្រកាសច្នៃសំរាមប្លាស្ទិក ធ្វើជាថ្នល់កៅស៊ូគុណភាពខ្ពស់
- 2018-07-11 09:53:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃប្រកាសច្នៃសំរាមប្លាស្ទិក ធ្វើជាថ្នល់កៅស៊ូគុណភាពខ្ពស់
ចន្លោះមិនឃើញ
ថៃកំពុងបង្ហាញភាពជឿនលឿន និងភាពទទួលខុសត្រូវរបស់ខ្លួនលើផ្នែកសេដ្ឋកិច្ច និងបរិស្ថានកម្រិតពិភពលោក ដោយប្រកាសគម្រោងច្នៃសំណល់ប្លាស្ទិកប្រើប្រាស់ឡើងវិញបាន (Recycled Plastic) ទៅជាថ្នល់កៅស៊ូគុណភាពកាន់តែខ្ពស់មួយកម្រិតថែមទៀត ក្រោមហេតុផលលើកកម្ពស់ដល់សេដ្ឋកិច្ចវិលជុំ (ផលិត ប្រើប្រាស់ និងប្រើឡើងវិញ) បន្ទាប់ពីជោគជ័យលើគម្រោងដូចគ្នានេះនៅប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ីកាលពីថ្មីៗនេះ។
ការប្រកាសនេះ ធ្វើឡើងដោយក្រុមហ៊ុនថៃធំៗពីរ គឺក្រុមហ៊ុនស៊ីម៉ងត៍ និងវេចខ្ចប់ SCG និងក្រុមហ៊ុនវិទ្យាសាស្ត្រ Dow (Dow Chemical Company) ក្នុងសន្និសីទសេដ្ឋកិច្ចវិលជុំ (Circular Economy) ក្រោមប្រធានបទ "អនាគតដែលយើងបង្កើត ឬ The Future we create" នាទីក្រុងបាងកក កាលពីថ្ងៃចន្ទ ទី៩ កក្កដា នេះ ដែលមានអ្នកចូលរួមរាប់ពាន់នាក់ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិធំៗ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ សង្គមស៊ីវិល សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក្រុមហ៊ុនប្រភេទ Startup សហគមន៍ក្នុងស្រុក និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើន។
បច្ចុប្បន្ន ថៃជាប់លេខ ៦ ក្នុងចំណោម ១៩២ ប្រទេសដែលចោលសំណល់ប្លាស្ទិកទៅក្នុងសមុទ្រច្រើនជាងគេបំផុត។ សំណល់ប្រមាណជា ១១,៥ លានតោន ត្រូវគេចាក់ចោលនៅតាមខេត្តឆ្នេរសមុទ្រទាំង ២៣ ខេត្តរបស់ថៃ ក្នុងនោះមានជាង ១,៥ លានតោន ជាសំណល់ប្លាស្ទិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរវាង SCG និង Dow។
ក្រុមហ៊ុនយក្សទាំងនេះ នឹងរួមដៃគ្នាប្រែក្លាយសំណល់ប្លាស្ទិកប្រើប្រាស់ឡើងវិញបាន ទៅជាថ្នល់កៅស៊ូ ដើម្បី (១) ជួយកាត់បន្ថយសំណល់ប្លាស្ទិកក្នុងសមុទ្រ (២) ធ្វើឲ្យគុណភាពថ្នល់កៅស៊ូកាន់តែល្អជាងមុន (៣) កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (CO2) ក្នុងពេលធ្វើផ្លូវថ្នល់។
លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ SCG ថ្លែងថា៖ "SCG បានសហការជាមួយអង្គការក្នុងស្រុក និងអន្តរជាតិដើម្បីបង្កើតសេដ្ឋកិច្ចរង្វិលជុំប្រកបដោយនិរន្តរភាព។ ការសហការជាមួយក្រុមហ៊ុន Dow Thailand Group នឹងបង្កើតតម្លៃដល់កាកសំណល់ប្លាស្ទិក និងលើកកម្ពស់ដល់ការផ្លាស់ប្ដូរបច្ចេកវិទ្យា ព្រមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)។ បច្ចេកវិទ្យាធ្វើផ្លូវកៅស៊ូដោយប្រើសំណល់ប្លាស្ទិកប្រើប្រាស់ឡើងវិញនេះ នឹងមិនប៉ះពាល់ដល់បរិស្ថាន ថែមទាំងលើកកម្ពស់គុណភាពជីវិតមនុស្សតាមរយៈការបង្កើតការងារ"។
គម្រោងនេះ នឹងជួយឲ្យគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ២០២៥ (2025 Sustainability Goals) របស់ Dow អាចលើកកម្ពស់ដល់សេដ្ឋកិច្ចរង្វិលជុំ តាមរយៈការផ្ដល់ដំណោះស្រាយដល់បញ្ហាបរិស្ថាន លើកកម្ពស់ដល់ការប្រើប្រាស់ប្លាស្ទិកឡើងវិញ និងបង្កើតបរិយាកាសជំនួញប្រកបដោយនិរន្តរភាពសម្រាប់អ្នកផលិត និងអ្នកប្រើប្លាស្ទិក។
"2025 Sustainability Goals របស់ Dow អាចសម្រេចបានតាមរយៈការសហការជាមួយស្ថាប័នដែលមានទស្សនវិស័យដូចគ្នា។ ការសហការជាមួយ SCG ដែលផ្ដល់ដំណោះស្រាយសម្រាប់សំណល់ប្លាស្ទិកយកច្នៃទៅធ្វើជាផ្លូវកៅស៊ូថ្មី នឹងធ្វើឲ្យយើងកាន់តែកៀកនឹងគោលដៅយើង ព្រមទាំងធ្វើឲ្យផលប៉ះពាល់នៃប្លាស្ទិកដល់បរិស្ថាន មានកម្រិតទាប"។ នេះយោងតាមលោក Jeff Wooster នាយកផ្នែកអភិវឌ្ឍប្រកបដោយនិរន្តរភាពជាសាកលរបស់ Dow។
ទោះបីយ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ពីតម្លៃនៃការវិនិយោគលើគម្រោងនេះ និងពេលវេលាត្រូវចាប់ផ្ដើមការងារនេះនោះឡើយ។
បញ្ជាក់ថា កាលពីពេលថ្មីៗនេះ Dow បានធ្វើគម្រោងដូចគ្នានេះនៅឥណ្ឌា និងឥណ្ឌូណេស៊ី ដើម្បីច្នៃសំណល់ប្លាស្ទិកប្រើប្រាស់ឡើងវិញបាន ទៅជាផ្លូវកៅស៊ូ។ នៅឥណ្ឌា សំណល់ប្លាស្ទិកប្រើប្រាស់ឡើងវិញប្រមាណជា ១០០ តោន ត្រូវបានច្នៃជាផ្លូវកៅស៊ូប្រវែង ៤០ គីឡូម៉ែត្រនៅទីក្រុង Pune និង Bangalore។ ឯនៅទីក្រុង Depok ប្រទេសឥណ្ឌូណេស៊ីវិញ ការសាកល្បងធ្វើផ្លូវកៅស៊ូដំបូងបំផុតចេញពីសំណល់ប្លាស្ទិក ៣,៥ តោន បង្កើតបានផ្លូវកៅស៊ូជិត ២ គីឡូម៉ែត្រ៕