ភាព​ច្របូក​ច្របល់​​កើត​​ឡើង​នៅ​បារាំង ក្រោយ​ក្រុម​មាន់គក​លើក​ពាន World Cup

  • 2018-07-16 06:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​អបអរ​នូវ​ជ័យជម្នះ​របស់​ក្រុម​បារាំង ដែល​បាន​ក្លាយ​ជា​ជើងឯក World Cup គេ​សង្កេត​ឃើញ មាន​អំពើ​ហិង្សា​រវាង​ប៉ូលិស និង​អ្នកគាំទ្រ បាន​ផ្ទុះឡើង​ជាច្រើន​លើក នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ក្នុង​ប្រទេស​បារាំង។ ហាង​មួយ​ចំនួន ធុង​សំរាម និង​របស់របរ​នៅ​ទី​សាធារណៈ​ជាច្រើន ត្រូវ​បាន​បំផ្លិចបំផ្លាញ​។

នៅ​ក្រុង Lyon អ្នក​គាំទ្រ​បាន​នាំគ្នា​គប់​ធុង​សំរាម​ដាក់​ក្រុម​សមត្ថកិច្ច។ ក្នុង​តំបន់ Bellecour ដែល​ជា​កន្លែង​ប្រមូល​ផ្ដុំ​អ្នកគាំទ្រ បាន​កើត​មាន​អំពើ​ហិង្សា​រហូត​ដល់​មាន​ការ​ប្រើប្រាស់​គ្រាប់បែក​បង្ហូរ​ទឹកភ្នែក​ដោយ​សមត្ថកិច្ច​។ រីឯ​ក្រុម​ពន្លត់​អគ្គិភ័យ បាន​ធ្វើការ​ពន្លត់​ភ្លើង​ចេញ​ពី​ធុង​សំរាម​ជា​ច្រើន ដែល​ត្រូវ​បាន​ដុត​ដោយ​អ្នកគាំទ្រ​មួយ​ចំនួន​។

នៅ​ក្រុង Marseille អ្នកគាំទ្រ​បាន​គប់​ផាវ កាំជ្រួច​ផ្សែង​ដាក់​សមត្ថកិច្ច ដែល​បាន​ប្រើប្រាស់​គ្រាប់​បែក​បង្ហូរ​ទឹកភ្នែក​មក​លើ​ពួកគេ។ លើស​ពី​នេះ ក្រុម​ខ្លះ​បាន​វាយ​បំបែក​កញ្ចក់​រថយន្ត និង​ដុត​ធុង​សំរាម ផង​ដែរ។ ក្នុង​ហេតុការណ៍​នៅ Marseille ប៉ូលិស បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច ១០​នាក់។

ហេតុការណ៍​ស្រដៀង​គ្នា​នេះ ក៏​បាន​កើត​ឡើង​នៅ​ក្រុង Rouen ផង​ដែរ។ អ្នក​កាសែត ២រូប បាន​ទទួល​រង​របួស ដោយ​សារ​ក្រុម​អ្នកគាំទ្រ​វាយ​។ សមត្ថកិច្ច ក៏​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ផង​ដែរ។

នៅ​ក្រុង Bordeaux អ្នកគាំទ្រ​ខ្លះ បាន​ដោះ​សម្លៀកបំពាក់ រួច​ដើរ​នៅ​តាម​ទីសាធារណៈ។ ក្នុងនោះ​មាន​ការ​ដុត​រថយន្ត​មួយ​គ្រឿង​ផង​ដែរ​។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី២​ហើយ​ ដែល​បារាំង​បាន​ក្លាយជា​ជើងឯក World Cup បន្ទាប់ពី​ឈ្នះ​លើក​ដំបូង កាល​ពី​២០​ឆ្នាំ​មុន។ បារាំង បាន​យក​ឈ្នះ​ក្រូអាត ដោយ​លទ្ធផល ៤-២ នៅ​វគ្គផ្តាច់ព្រ័ត្រ World Cup 2018 ដែល​រៀបចំ​ឡើង​នៅ​ក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី​៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;