រុស្ស៊ី ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​មីស៊ីលមួយប្រភេទ ដែល​អាមេរិក មិន​អាច​ទប់ទល់​បាន

  • 2018-07-19 08:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី​បាន​ធ្វើតេស្ត​មីស៊ីល​ដែលមាន​ឈ្មោះថា "Kinzhal" នេះ ចំនួន​១២ដង នៅលើ​យន្តហោះ​ចម្បាំង MiG-31។ ការ​សាកល្បង​ចុងក្រោយ​ ត្រូវបាន​ធ្វើឡើង​ដោយ​ជោគជ័យ​កាលពី​ដើមខែ​កក្កដា​នេះ ដោយ​អាច​បាញ់​ត្រូវ​គោលដៅ​ក្នុង​ចម្ងាយ ៨០០​គីឡូម៉ែត្រ។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់ CNBC កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

អាវុធ​នេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​នាវា​ផ្ទុក​យន្តហោះ នាវា​ពិឃាដ និង​នាវា​សង្គ្រាម​ផ្សេងៗ​ទៀត​ផងដែរ។

មីស៊ីល Kinzhal ដែលត្រូវបាន​បំពាក់នៅលើយន្តហោះចម្បាំងរុស្ស៊ី (រូបថត៖ Sputnik News)
រុស្ស៊ី នឹង​ត្រៀម​ដាក់មីស៊ីល​ Kinzhal ចូល​សមរភូមិ​ នៅឆ្នាំ២០២០ ខណៈ​ដែល​បច្ចុប្បន្ន​នេះ អាមេរិក មិនទាន់​មាន​លទ្ធភាព​អាច​ទប់ទល់​នឹង​មីស៊ីល​នេះ​បាន​នៅ​ឡើយ។ នេះ​បើតាម​ការ​ដកស្រង់​សម្តី​របស់ CNBC ចេញពី​ប្រភព​មួយ​ដែល​បាន​ដឹងពី​របាយការណ៍​ភ្នាក់ងារ​ចារកម្ម​អាមេរិក។

យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ការពារ​ជាតិរុស្ស៊ី មីស៊ីល Kinzhal គឺអាច​ត្រូវបាន​បាញ់​ឆ្ងាយជាង ប្រព័ន្ធ​ការពារ​មីស៊ីល​ទាំងអស់​នាពេល​បច្ចុប្បន្ន​នេះ ពោលគឺ​អាច​បាញ់​ដល់​ចម្ងាយ ២ពាន់​គីឡូម៉ែត្រ​ឯណោះ ជាមួយ​ល្បឿន​លឿន​ជាង​សំឡេង ១,២ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មីស៊ីល Kinzhal ក៏អាច​ត្រូវបាន​ប្រើប្រាស់​នៅលើ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្រ្ត Tu-22M3 ឬ​យន្តហោះ MIG-31BM ផងដែរ​។ មីស៊ីល​នេះ​ត្រូវបាន​ដាក់​ឱ្យប្រើប្រាស់​ក្នុង​ជួរទ័ព​រុស្ស៊ី កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​បញ្ចេញ​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពី​ថ្ងៃទី១ ខែ​មីនា ឆ្នាំ​២០១៨​កន្លងទៅ៕

ប្រភព៖ CNBC | Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;