ខេត្ត១ ជួប​បញ្ហា​កង្វះ​ទឹក ខណៈ​ខេត្ត​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ទឹក​ជំនន់

  • 2018-07-21 02:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះបី​ជា​មាន​បាតុភូត​សម្ពាធ​បរិយាកាស ភ្លៀង​រាយប៉ាយ​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​មួយ​ចំនួន​ក៏​ដោយ​ ក៏​ខេត្ត​បន្ទាយមានជ័យ​នៅតែ​គ្មាន​ទឹក​ជំនន់​នោះ​ទេ​។​ ទោះ​យ៉ា​ងណា​ របាយ​ទឹកភ្លៀង​បាន​ជួយ​ឲ្យ​ចំណុច​វាលស្រែ​នៅ​ឃុំ​ខ្លះ​នៃ​ស្រុក​ ក្រុង​ទាំង​៩ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ដែល​ខ្វះ​ទឹក​ហើយ​បង្ក​ប៉ះពាល់​និង​ខូចខាត​ដំណាំ​ស្រូវ​ជាង ៦០០០ ហិក​តា​កន្លងមក​នោះ មាន​ទឹក ហើយ​ដំណាំ​ស្រូវ​បាន​រស់​ឡើងវិញ​។

យោង​មន្ត្រី​អាជ្ញាធរ​ដែនដី​ស្រុក​ ក្រុង​ទាំង​៩​ និង​ជំនាញ​មន្ទីរ​កសិកម្ម​ក៏​ដូច​មន្ទីរ​ធនធាន​ទឹក​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី​២០​កក្កដា​ថា នៅ​គោលដៅ​នានា​នៃ​ស្រុក ​ក្រុង​ទាំង​៩​របស់​ខេត្ត​បន្ទាយមានជ័យ មកទល់​ពេល​នេះ​គ្មាន​ទឹកជំនន់​នោះ ​ឬក៏​អាច​ថា មាន​ទឹក​មិន​គ្រប់​ និង​មាន​ត្រឹម​សម​ល្មម​ប៉ុណ្ណោះ។

​ចំណែក​លោក​ យឹម​ ប៊ុន​រ៉ុម​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ប្រឡាយ​ទាំងឡាយ​ក្នុង​ទូទាំង​ខេត្ត ពុំ​ទាន់​ទាំង​មាន​ទឹក​ប្រៀប​ដូច​ឆ្នាំ​មុនៗ​ទេ​។ ប្រឡាយ​ខ្លះ​មាន​ទឹក​សម​ល្មម​សម្រាប់​ស្រោចស្រព ឯ​ប្រឡាយ​ខ្លះ​ទៀត ខ្វះ​ឬ​គ្មាន​ទាំង​ទឹក​សម្រាប់​បូម​បាច​ផង។​

​សូម​រំឭក​ថា អំឡុង​ពី​ខែ​ឧសភា​ មិថុនា និង​កក្កដា​ កន្លងមក​នេះ ​ដំណាំ​ស្រូវ​ស្រូវ​វស្សា​នៅ​កន្លែង​ខ្លះ​ក្នុង​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​ បាន​ជួប​បញ្ហា​ខ្វះ​ទឹក​ ព្រោះ​ភ្លៀង​ធ្លាក់​មិន​ចំ​។ ​លោក​ ប៉ាង ​វណ្ណា​សេដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ ​និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ ព្រមទាំង​កសិករ​ឲ្យ​ដឹងថា គ្រោះ​រាំងស្ងួត​បាន​បង្ក​ឲ្យ​ស្រូវប្រាំង​និង​ស្រូវស្រាល​ដើម​រដូវ​ ព្រមទាំង​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី​ទំហំ​ជាង​៦០០០​ហិកតា​នៅ​ឃុំ ​សង្កាត់​ខ្លះ​ នៃ​ស្រុក​ ក្រុង​ទាំង​៩​ បាន​រង​ផល​ប៉ះពាល់​និង​ឈាន​ទៅ​ដល់​ការ​ខូចខាត​។ ក៏​ប៉ុន្តែ ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​មក ស្រូវ​ទាំង​នោះ​ក៏បាន​ទទួល​ទឹកភ្លៀង​ដោយសារ​កត្តា​បាតុភូត​ធម្មជាតិ​ដែល​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​គ្រប់​កន្លែង​៕

រូបថត៖ រស្មីកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;