ថៃ ស្នើអង់គ្លេស ធ្វើបត្យាប័នលោកស្រី យីងឡាក់
- 2018-07-31 09:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ស្នើអង់គ្លេស ធ្វើបត្យាប័នលោកស្រី យីងឡាក់
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលថៃ បានស្នើឲ្យមានការធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីចក្រភពអង់គ្លេស។ លោកស្រី យីងឡាក់ ត្រូវគេជឿថា កំពុងស្នាក់នៅអង់គ្លេស បន្ទាប់ពីលោកស្រីគេចពីការជាប់ពន្ធនាគារ។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន BBC ភាសាថៃ នៅថ្ងៃអង្គារ ទី៣១ ខែកក្កដានេះ។
សំណើដែលត្រូវបានដាក់ជូនការិយាល័យកិច្ចការបរទេស ត្រូវបានចុះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ដោយយោងតាមសន្ធិសញ្ញាស្តីពីបត្យាប័នឆ្នាំ១៩១១។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Busadee Santipitaks បានបដិសេធក្នុងការពន្យល់បន្ថែមពីសំណើធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីថៃនេះ។
BBC បានរាយការណ៍កាលពីខែឧសភាកន្លងទៅថា លោកស្រីយីងឡាក់ ទទួលបានទិដ្ឋាការមួយដែលអាចចូលទៅកាន់ចក្រភពអង់គ្លេសបានជាច្រើនលើក។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោកស្រីយីងឡាក់ បានបង្ហោះវីដេអូមួយ ក្នុងបណ្ដាញសង្គម Instagram ដោយនិយាយថា លោកស្រីកំពុងនៅតំបន់ Covent Garden នៅភាគខាងលិចក្រុងឡុងដ៍។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ដែលកាន់តំណែងនាយករដ្ឋមន្ត្រីពីឆ្នាំ២០១១ ដល់ ២០១៤ បានគេចទៅរស់នៅក្រៅប្រទេស កាលពីខែសីហា ឆ្នាំ២០១៧ អំឡុងដំណើរការកាត់ក្ដីរបស់តុលាការឧក្រិដ្ឋកម្មមួយ។ មួយខែក្រោយមក លោកស្រីត្រូវបានកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោងស្រូវអង្ករមួយមិនបានល្អ ដែលបណ្ដាលឲ្យខាតបង់ថវិកាជាតិជាច្រើន៕
ទស្សនាវីដេអូឃ្លីបរបស់លោកស្រី យីងឡាក់ ដែលគណនីមួយបង្ហោះនៅលើ Instagram កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន