កម្ពុជា សោកស្តាយចំពោះការវាយតម្លៃរបស់បរទេសមួយចំនួន ជុំវិញរឿងបោះឆ្នោត
- 2018-08-01 01:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា សោកស្តាយចំពោះការវាយតម្លៃរបស់បរទេសមួយចំនួន ជុំវិញរឿងបោះឆ្នោត
ចន្លោះមិនឃើញ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញអំពីដំណើរការបោះឆ្នោតដោយជោគជ័យរបស់កម្ពុជា និងបង្ហាញក្តីសោកស្តាយផងដែរលើការវាយតម្លៃពីបរទេសមួយចំនួន ដែលខុសពីការពិត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញថា ការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រព្រឹត្តទៅក្នុងស្ថានភាពសន្តិសុខ និងបរិយាកាសរីករាយចាប់តាំងពីដំណាក់កាលឃោសនា រហូតដល់ដំណាក់កាលបោះឆ្នោតចុងក្រោយ។
ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានរិះគន់ប្រទេសខ្លះ ដែលមិនបានមកធ្វើជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនោះទេ ប៉ុន្តែបែរជាចេញសេចក្តីថ្លែងការណ៍ខុសពីការពិតដោយចោទថា ការបោះឆ្នោតនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌។ ការធ្វើមិនដឹងមិនឮ នូវដំណើរការបោះឆ្នោតសកលរបស់កម្ពុជានេះ គឺជាការបង្កើនការមើលងាយដល់ឆន្ទៈប្រជាពលរដ្ឋខ្មែរតាមរយៈសន្លឹកឆ្នោតដែលបោះចំនួនជាង ៦,៩លានសន្លឹក។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង និងមានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បណ្តាស្ថានទូត និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជាង ៨ម៉ឺននាក់ តាមឃ្លាំមើលការបោះឆ្នោត៕