តម្លៃ​នាំចេញម្រេច​​វៀតណាម ដាំ​ក្បាល​ចុះ​ជាង​៦០%

  • 2018-09-05 07:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម បាន​ឲ្យដឹង​ថា តម្លៃ​​មធ្យម​នៃ​ម្រេច​នាំចេញ​វៀតណាម បាន​ធ្លាក់​ចុះ ៦២% ក្នុង​រយៈ​ពេល​៨ខែ ឆ្នាំ​២០១៨ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៧​។ ម្រេច​វៀតណាម ១​តោន មាន​តម្លៃ​ប្រហែល ៣៣៣០ ដុល្លារ​អាមេរិក​។

កសិករវៀតណាម កំពុងរៀបចំដី នៅចម្ការម្រេច នៅខេត្ត Gia Lai ប្រទេសវៀតណាម (រូបថត៖ VNA)
ក្រសួង​ដដែល​បាន​បន្ថែម​ថា តម្លៃ​ម្រេច​នៅ​លើ​សាកលលោក ជួប​វិបត្តិ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តម្រូវការ​ថយ​ចុះ និង​ការ​ត្រៀម​ប្រមូល​ផល​ម្រេច​ក្នុង​ប្រទេស​អ្នក​នាំចេញ​ធំ​ៗ​ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ប្រេស៊ីល។

របាយការណ៍​របស់​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម បាន​ឲ្យដឹង​ដែរ​ថា ទីផ្សារ​ធំ​បំផុត​របស់​ម្រេច​វៀតណាម គឺ សហរដ្ឋអាមេរិក ឥណ្ឌា ប៉ាគីស្ថាន អាល្លឺម៉ង់ និង​អារ៉ាប់រួម។ ក្នុង ៨ខែ​ដើម​ឆ្នាំ​នេះ ការ​នាំចេញ​ម្រេច​វៀតណាម មាន​ចំនួន ១៧៣០០០​តោន ស្មើ​នឹង ៥៧៦​លាន​ដុល្លារ​អាមេរិក។ ក្នុង​ខែ​សីហា​កន្លង​ទៅ វៀតណាម​នាំ​ចេញ​ម្រេច ២​ម៉ឺន​តោន។

កសិករ​វៀតណាម ប្រឈម​មុខ​នឹង​ការ​ខាតបង់ បន្ទាប់​ពី​តម្លៃ​ម្រេច​ក្នុង​ស្រុក ធ្លាក់​ចុះ​ស្ទើរ​ស្មើ​តម្លៃ​ផលិត ដោយ​គិត​ត្រឹម​ចុង​ខែ​សីហា​កន្លង​ទៅ ម្រេច​មាន​តម្លៃ​ពី ២,២​ដុល្លារ ទៅ ២,៨ដុល្លារ​ក្នុង១​គីឡូក្រាម​៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;