ក្រសួង​បរិស្ថាន៖ ទឹក​សមុទ្រ​កំពង់សោម​ល្អក់ មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ

  • 2018-09-14 07:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានភាព​ល្អក់កករ​ទឹក​នៅ​តាម​ឆ្នេរសមុទ្រ​មួយ​ចំនួន រួម​ទាំង​ឆ្នេរ​ព្រែកត្រែង​ផង​នោះ មិន​បង្ក​ជា​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ឡើយ​។ ការ​ល្អក់កករ​នេះ ដោយសារតែ​សកម្មភាព​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ច្រើន ហើយ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ហូរ​នាំ​យក​ដី​ចូល​ទៅ​ក្នុង​សមុទ្រ ទើប​នាំ​ឲ្យ​មាន​ទឹកសមុទ្រ​ល្អក់។ នេះ​បើ​យោង​តាម​ការ​បំភ្លឺ​របស់ក្រសួង​បរិស្ថាន។

​លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​អះអាង​​ថា បញ្ហា​ខាង​លើ​នេះ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹក និង​ឆ្នេរសមុទ្រ​កម្ពុជា​នោះ​ទេ ដោយសារតែ​ក្រសួង​បាន​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​រួចហើយ។ ជាមួយគ្នា​នេះ លោក​នេត្រ ភ​ក្ត្រា រំពឹង​ថា ប៉ុន្មាន​ថ្ងៃក្រោយ​ ទឹកសមុទ្រ​នឹង​ប្រែ​ពី​ល្អក់​មក​ថ្លា​វិញ​ជាមិនខាន។

​ចំណែក​រឿង​ក្រុមហ៊ុន​វិនិយោគ​មួយ ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង ដែល​ជា​ផ្នែក​​មួយ​បណ្ដាល​ទឹក​សមុទ្រ​ល្អក់​កករ​នោះ លោក​នេត្រ ភ​ក្ត្រា បញ្ជាក់​ថា ក្រសួង​បរិស្ថាន នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ខ្លួន​ចុះទៅ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ផងដែរ បន្ទាប់ពី​មាន​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ។

ទឹក​សមុទ្រ​ខេត្ត​កំពង់សោម ដែល​ល្អក់​កករ (រូបភាព៖ ហ្វេសប៊ុក)

​គួរ​រំលឹក​ថា ករណី​ទឹកសមុទ្រ​ល្អក់កករ​នៅ​តាម​ឆ្នេរសមុទ្រ​មួយ​ចំនួន រួម​ទាំង​ឆ្នេរ​ព្រែកត្រែង​ផង​ដែរ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ព្រួយបារម្ភ​ខ្លាច​ប៉ះពាល់ដល់គុណភាពទឹក និង​ឆ្នេរសមុទ្រ​របស់​កម្ពុជា ដែល​ជាប់​ជា​ឆ្នេរ​ស្អាត​នៅ​លើ​ពិភពលោក ជាពិសេស​ការ​ចាក់ដី​នៅ​ឆ្នេរ​ព្រែកត្រែង​តែម្ដង ដែល​ធ្វើ​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;