សម្តេច ហ៊ុន សែន អញ្ជើញ​ទៅ​អាមេរិក​ព្រឹកនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ UN

  • 2018-09-27 01:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅលើកទី៧៣ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​កិច្ចប្រជុំពាក់ព័ន្ធ​ផ្សេងទៀត នៅក្រុង​ញ៊ូវយ៉ក សហរដ្ឋ​អាមេរិក ពីថ្ងៃទី​២៧ ដល់ ៣០​កញ្ញា ឆ្នាំ​២០១៨។

បើតាម​សេចក្តី​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យដឹងថា​ មហា​សន្និបាត​នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ "ធ្វើឲ្យ​អង្គការ​សហ​ប្រជាជាតិ​មាន​សារៈសំខាន់​ ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់: ភាព​ជាអ្នក​ដឹកនាំ​សកល និងការ​ទទួល​ខុស​ត្រូវ​រួម សម្រាប់​សង្គម​ប្រកប​ដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព"។

នៅ​ទីក្រុង​ញ៊ូវយ៉ក សម្តេច​ ហ៊ុន សែន នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ផ្តោតលើ​ការ​វិវត្ត​នាពេល​ថ្មីៗ និង​សមិទ្ធផល​សំខាន់ៗ​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការ​ព្រួយបារម្ភ​រួម។

សម្តេច ហ៊ុន សែន ឡើងយន្តហោះចាកចេញពីកម្ពុជា ទៅក្រៅប្រទេសនាពេលកន្លងមក
ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ សម្តេច​នាយករដ្ឋមន្រ្តី នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយឡែក​ពីគ្នា ជាមួយ​លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តី​ប៊ុលហ្គារី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តី​នេប៉ាល់ ព្រមទាំង​ជួប​ពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន​ទៀត​ផងដែរ។

ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញ៊ូវយ៉ក សម្តេច ហ៊ុន សែន ក៏​នឹងជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា ផងដែរ។

ជាមួយគ្នា​នេះ សម្តេច ហ៊ុន សែន បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក ដោយ​បញ្ជាក់​ថា ​ការ​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នេះ គឺជា​ការ​ប្រើ​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ។ «ថ្ងៃនេះ​ខ្ញុំសូម​លា​ទៅ​បម្រើជាតិ​ជាថ្មី​ម្តងទៀត ​ដោយប្រើ​នយោបាយ​ការទូត​នៅលើ​ឆាក​អន្តរជាតិ។ កម្ពុជា មិនអាច​ឱ្យគេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ។ ខ្ញុំចេញ​ទៅលើក​នេះ ក៏នឹង​ចូលរួម​ផងដែរ​នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ ដែល​កំពុង​វិវត្ត​យ៉ាង​តានតឹង និង​ស្មុគស្មាញ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;