រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​តួកគី នា​ដើមខែ​ក្រោយ

  • 2018-09-28 08:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់​ សុខុន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​តួកគី ពី​ថ្ងៃទី១-៣ ខែ​តុលា ឆ្នាំ​២០១៨ តបតាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​តួកគី។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ នៅថ្ងៃទី២៨​កញ្ញានេះ។

​លោក​ឧប​នាយក​រដ្ឋមន្រ្តី​ នឹង​ជួប​ប្រជុំ​ផ្លូវការ​ជាមួយ​លោក ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្រ្តី​ការបរទេស​តួកគី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ ដែលជា​ការ​ព្រួយ​បារម្ភ និង​យកចិត្ត​ទុកដាក់រួម ​ក្នុង​បរិបទនៃ​កិច្ចសហប្រតិបត្តិការ​ទេ្វភាគី តំបន់ និង​អន្តរជាតិ។ ​កិច្ចពិភាក្សា​នេះ ក៏នឹង​ផ្តោតលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​ផងដែរ នូវ​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ស្វែងរក​សក្តានុពល​ថ្មីៗ ក្នុងការ​ជំរុញ​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រទេស​ទាំងពីរ។

លោក ប្រាក់ សុខុន ថ្លែងនាពេលកន្លងមក
​ ​នៅ​ចុង​បញ្ចប់នៃ​ជំនួប​ រដ្ឋមន្ត្រី​ការបរទេស​ទាំងពីរ​ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​​អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បណ្ឌិត្យ​សភា​ការទូត​ នៃ​ក្រសួង​ការបរទេស​តួកគី ហើយ​បន្ទាប់មក​ នឹងមាន​សន្និសីទ​ព័ត៌មាន។

​ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​ដែរ ​លោក ប្រាក់ សុខុន នឹង​អញ្ជើញ​ដាក់​កម្រង​ផ្កា នៅវិមាន​អានីត​កាបៀ ​(វិមាន​គោរព​វិញ្ញាណក្ខន្ធ) ហើយនឹង​ជួប​ពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មាធិការ​កិច្ចការ​បរទេស និង​មិត្តភាព​នៃ​រដ្ឋសភា​តួកគី។

ក្រសួង​ការបរទេស​បញ្ជាក់​ថា កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​នៅ​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី ក្នុងឆ្នាំ​២០១៩ ដែលនឹង​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុងការ​ជំរុញ កិច្ចសហប្រតិបត្តិការ​ និងភាព​ជាដៃគូ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;