រាជ​រដ្ឋាភិបាល​ អំពាវនាវ​កុំឱ្យ​មាន​ការ​ព្រួយបារម្ភ ជុំវិញ​នីតិវិធី​ដក​ការ​អនុគ្រោះ​ពន្ធ​របស់ EU

  • 2018-10-12 12:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៨នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ កុំ​មានការ​ព្រួយ​បារម្ភ​តាម​រយៈ​ការ​វិភាគ និងការ​វាយតម្លៃ​មិន​សម​ហេតុផល ស្តីពី​ពន្ធ​អនុគ្រោះ EBAs ដោយ​លើកឡើង​ថា ពន្ធ​អនុគ្រោះ​នេះ គឺមាន​នីតិវិធី​ក្នុងការ​អនុវត្ត ឬការ​ដោះស្រាយ ដែលនឹង​ត្រូវ​ចំណោយពេល​វែងឆ្ងាយ​ទៅមុខ​ទៀត ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​សហភាព​អឺរ៉ុប និង​កម្ពុជា។

យោងតាម​សេចក្តី​ថ្លែងការណ៍​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា រៀបរាប់​ថា សហភាពអឺរ៉ុប​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ទាក់ទង​ទៅនឹង​កម្មវិធី ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា (អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​សព្វាវុធ “EBAs”) គឺ​មិនបាន​ធ្វើឱ្យ​កម្ពុជា​មានការព្រួយ​បារម្ភ​ហួសហេតុ ឬ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​នោះឡើយ។

លោក ផៃ ស៊ីផាន ថ្លែងនាពេលកន្លងមក
ការ​លើកឡើង​នេះ ដោយ​យោងទៅតាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ចំពោះ​ពន្ធ​អនុគ្រោះ EBAs គឺ​មាន​គោលការណ៍ និង​ទិសដៅ “សម្រាប់​ផ្ដល់ឱ្យ​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍ​តិចតួច (LDCs)” ដូចជា​ប្រទេស​កម្ពុជា ហើយ​ក៏ជា​ប្រទេស ដែលនាំមុខ​គេក្នុង​ការផ្តល់​សច្ចាប័ន នៃ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែលជា​កត្តា​ចម្បង​មួយ ក្នុងការ​ទទួលបាន​ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBAs នេះ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ដំណើរការ​នៃ​ផលិតកម្ម​ឧស្សាហកម្ម​វាយណភ័ណ្ឌ​នៅ​កម្ពុជា សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​នោះ មិន​ទាន់​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​នោះទេ។ ពេលនេះ ​ភាគី​ពាក់ព័ន្ធ​កំពុងតែ​ធ្វើការ​ពិភាក្សា និង​ដោះស្រាយ ទៅតាម​នីតិវិធី នៃកិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ស្ដីពីការ​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) នេះ ។

កម្ពុជា ក៏បាន​នឹង​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អ និង​ជិតស្និទ្ធ ជាមួយ​សហភាព​អឺរ៉ុប ទាំងផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ផលប្រយោជន៍​រួមគ្នា​ទៅវិញ​ទៅមក។ នៅក្នុង​ស្ថានភាព​នេះ សហភាព​អឺរ៉ុប និង​កម្ពុជា នៅតែ​បន្ត​រក្សា​ភាព​ជាដៃគូ ក្នុងកិច្ច​សន្ទនា ដើម្បី​ថែរក្សា​ផលប្រយោជន៍​រួម ដែលកើត​ចេញពី​ពន្ធ​អនុគ្រោះ (EBAs) ជាមួយ​នឹង​កិច្ច​ធានា​នូវ​អធិបតេយ្យ និង​ឯករាជ្យភាព​រៀងៗ​ខ្លួន។ នេះបើ​តាមការ​ពន្យល់បន្ថែម​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;