សម្តេច ហ៊ុន សែន សម្រេច​បន្ត​សហការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើងវិញ ក្រោយ​ផ្អាក១​ឆ្នាំ

  • 2018-10-14 01:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​យល់ព្រម​បន្ត​ប្រតិបត្តិការ​ឡើងវិញ​នូវការ​ស្វែងរក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែលបាន​បាត់ខ្លួន​ក្នុង​សម័យ​សង្គ្រាម​ នៅ​កម្ពុជា បើទោះ​បីជា​អាមេរិក បាន​ដាក់​កម្រិត​តឹងតែង​ទិដ្ឋាការ​មកលើ​មន្រ្តី​កម្ពុជា​ក៏ដោយ។

សម្តេច ហ៊ុន សែន បានផ្ញើ​លិខិត​បញ្ជាក់​ពីការ​សម្រេចចិត្ត​នេះ​កាលពី​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០១៨ ឆ្លើយតបទៅ​នឹងសំណើ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ លោក Doug Ericksen និងលោក​តំណាងរាស្រ្ត Vincent Buys នៅ​រដ្ឋវ៉ាស៊ីងតោន។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ក្នុង​លិខិតនេះ​បាន​រៀបរាប់​ថា៖ «**ជាការពិត​ យើង​តែងតែមាន​បំណង​ចង់លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​ធ្វើឱ្យ​កាន់តែស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​ផល​ប្រយោជន៍​រួម និង​គោរព​គ្នា​ទៅវិញ​ទៅមក**»។

សម្តេច ហ៊ុន សែន បន្ត​ថា កិច្ច​សហប្រតិបត្តិការ​លើ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​នេះ ធ្វើឡើង​តាំងតែ​ពីមុន​ពេល​កម្ពុជា និង​អាមេរិក ត​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នៅ​ទសវត្សឆ្នាំ​១៩៩០ ដែល​បញ្ជាក់​ពីការ​ខិតខំ​របស់កម្ពុជា​ដើម្បីគោលដៅ​នេះ ហើយ​ក៏ជា​ការឆ្លុះ​បញ្ចាំង​នូវការ​រួម​មនោសញ្ចេតនា​យ៉ាងជ្រាលជ្រៅ​ជាមួយ​នឹង​ក្រុមគ្រួសារ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​បាត់ខ្លួន។

គួររំលឹក​ថា កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​រដ្ឋាភិបាល​អាមេរិក ដែល​សម្រេច​ផ្អាកលែង​ផ្តល់​ទិដ្ឋាការ​ដល់មន្រ្តី​ក្រសួង​ការបរទេសកម្ពុជា មាន​តួនាទី​ចាប់ពីថ្នាក់​អគ្គនាយក រហូតដល់​ថ្នាក់ដឹកនាំ​កំពូល និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ដោយ​មានករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ។ ការផ្អាក​នេះ ក្រោម​ហេតុផល​ថា កម្ពុជា មានការ​យឺតយ៉ាវ​ក្នុងការ​ទទួល​យក​ជនជាតិ​ខ្លួន ដែលជាប់​ទោស​ឧក្រិដ្ឋ នៅ​អាមេរិក ឲ្យមក​រស់នៅ​លើ​ទឹកដី​កម្ពុជា​វិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;