សមយុទ្ធ​សង្គ្រោះ​យន្តហោះ​ជួប​ឧបទ្ទវហេតុ ​គ្រោង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ

  • 2018-10-16 09:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រៀបចំ​ធ្វើ លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្រ្គោះ​យន្តហោះ​ពេល​ជួប​ឧបទ្ទវហេតុ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ (កងកេង) នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​គណនី​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ កាលពី​ថ្ងៃទី​១៤​​តុលា​។

ការរៀបចំលំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្រ្គោះ​យន្តហោះ​ពេល​ជួប​ឧបទ្ទវហេតុ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ
លោក ខៀវ កាញារីទ្ធ បាន​ឲ្យដឹង​ថា ការ​រៀបចំ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​នេះ ខាង​អាកាសចរណ៍​ស៊ីវិល​ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន អង្គភាព​ជំនាញ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ចូលរួម​សហការ​ឲ្យ​បាន​ស្រុះដៃ​គ្នា ដើម្បី​ចូលរួម​សង្រ្គោះ​ក្នុង​ករណី​កើត​មាន​ឧបទ្ទវហេតុ​យន្តហោះ​កើត​ឡើង​ជាយថាហេតុ​ណាមួយ​។

លោក​បន្ត​ថា នៅ​ថ្ងៃ​កំណត់​មក​ដល់​ គ្រប់​អង្គភាព​សង្រ្គោះ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​ចាប់​ផ្តើម​ចេញ​ប្រតិបត្តិការ​ព្រមៗ​គ្នា​ពី​គ្រប់​ច្រកល្ហក ឆ្ពោះ​ទៅ​កាន់​គោលដៅ​កើត​ឧបទ្ទវហេតុ​ដែល​មាន​សកម្មភាព​ដូចជា៖

  • ការ​ចេញ​ប្រតិបត្តិការ​សម្រួល​ចរាចរណ៍​របស់​កម្លាំង​នគរបាល

  • ការ​ចេញ​ដំណើរ​របស់​រថយន្ត​ពន្លត់​អគ្គិភ័យ ដោយ​មាន​បន្លឺ​ស៊ីរ៉ែន​ពី​គ្រប់​អង្គភាព (ដូច​ជាក់ស្តែង)

  • ការ​ចេញ​ដំណើរ​របស់​រថយន្ត​ពេទ្យ​សង្គ្រោះ​មាន​បន្លឺ​សំឡេង​ស៊ីរ៉ែន​ពី​គ្រប់​មន្ទីរពេទ្យ​រដ្ឋ គ្លីនិក​ឯកជន មណ្ឌល​សុខភាព និង​ពី​គ្រប់​ទី​បញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ទីតាំង​នៅ​ជិត​កន្លែង​កើត​ហេតុ​

  • ការ​ចេញ​ដំណើរ​របស់​រថយន្ត​កងទ័ព​ដឹក​ជញ្ជូន​កម្លាំង​សង្រ្គោះ (កង​ទ័ព​ជើង​ទឹក កង​រាជអាវុធហត្ថ កង​ទ័ព​តំបន់​សឹក​ខេត្ត កង​កម្លាំង​នគរបាល​ខេត្ត​)

  • សកម្មភាព​ដឹក​ជញ្ជូន​ជន​រងគ្រោះ (សិប្បនិម្មិត) ទៅ​កាន់​គោលដៅ​សង្រ្គោះ ជាដើម​។

ការរៀបចំលំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្រ្គោះ​យន្តហោះ​ពេល​ជួប​ឧបទ្ទវហេតុ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ

លោក​រដ្ឋមន្ត្រី ​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​នានា ជួយ​សម្រួល​បើកផ្លូវ​ឲ្យ​ក្រុម​ការងារ​អនុវត្ត​បាន​លទ្ធផល​ល្អ និង​ជៀសវាង​នូវ​ករណី​គ្រោះថ្នាក់​ពិត ដែល​កើត​ចេញ​ពី​សកម្មភាព​ធ្វើ​លំហាត់​ប្រឌិត​នេះ ជាពិសេស​ស្នើ​ដល់​មហាជន​ទាំងអស់​ កុំ​មាន​ការ​យល់​ច្រឡំ ហើយ​ផ្សព្វផ្សាយ​ថា​ជា​ហេតុការណ៍​ពិត​ឲ្យ​សោះ​៕

រូបថត៖ គណនីហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;