សម្តេច ហ៊ុន សែន ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី

  • 2018-10-19 01:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី លោក Dmitry Medvedev កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០១៨ ក្នុង​អំឡុង​ថ្នាក់​ដឹកនាំ​ទាំង២ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នៅក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក។

ក្នុង​ជំនួបពិភាក្សា​នេះ សម្តេច ហ៊ុន សែន បាន​អញ្ជើញ​ភាគី​រុស្ស៊ី ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នៅឆ្នាំ​២០២០​ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ។

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយលោក Dmitry Medvedev នៅបែលហ្សិក កាលពីថ្ងៃទី១៨តុលា ២០១៨។ រូបថត៖ FB សម្តេច ហ៊ុន សែន
សម្តេច​នាយក​រដ្ឋមន្រ្តី បាន​ស្នើឲ្យ​មាន​ការ​ពង្រឹង​ថែមទៀត លើ​កិច្ច​សហប្រតិបត្តិ​ការ​លើការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ពិសេស​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ និងការ​គាំទ្រ​ពី​រុស្ស៊ី លើ​វិស័យ​ព័ត៌មាន ពិសេស​កិច្ចសហប្រតិបត្តិការ​រវាង ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន​Tass របស់​រុស្សី ដែល​គ្រោង​បើក​នៅ​ប្រទេស​កម្ពុជា នាពេល​ខាងមុខ។

ក្នុង​ជំនួប​ទ្វេភាគី​នោះ​ដែរ សម្តេច ហ៊ុន សែន បានមាន​ប្រសាសន៍​លើកឡើង​ពី​បំណុល​ដែល​កម្ពុជា​ ជំពាក់​អតីត​សហភាព​សូវៀត ពោលគឺ​កម្ពុជា​ចង់​បង្វែ​បំណុល​នោះ ទៅជា​ការវិនិយោគ​នៅ​កម្ពុជា។ ជាមួយ​គ្នានេះ​ សម្តេច​ក៏បាន​អរគុណ​ចំពោះ​រុស្ស៊ី ដែលបាន​សន្យា​ជួយ​ដល់​ការ​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ផងដែរ។

​ជាការឆ្លើយតប ​លោក​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី បាន​មាន​ប្រសាសន៍​ថា រុស្សី​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា លើ​វិស័យ​ជាច្រើន រួមទាំង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បី​ឲ្យ​ទំនាក់ទំនង​នៃប្រ​ទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ទ្វេឡើង​ថែមទៀត។ លោក​បន្ត​ថា ចាប់ពី​ឆ្នាំ២០១៩​ទៅ រុស្ស៊ី​នឹងផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ប្រទេស​កម្ពុជា។

ពាក់ព័ន្ធ​ទៅនឹង​បំណុល​ដែល​កម្ពុជា​ជំពាក់​នោះ លោក Dmitry Medvedev បញ្ជាក់​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​បំណុល​នោះ សម្រាប់​ជា​ការ​វិនិយោគ​នៅ​កម្ពុជា ដែលនោះ​គឺជា​អាទិភាព​ដ៏ល្អ​សម្រាប់​កម្ពុជា ដែល​រុស្ស៊ី​ចង់ជួយ។

លោក​ក៏បាន​ជម្រាប​ជូន​សម្តេច ពីការ​ផ្តល់​ជំនួយ​បច្ចេកទេស​មួយ​ចំនួន​ផងដែរ ក្រៅពីការ​ជួយដល់​ការជួសជុល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត ពោលគឺ​រុស្ស៊ី មាន​បំណង​ជួយ​ដល់ការ​ជួសជុល​ប្រាសាទ​បុរាណ​មួយ​ចំនួន​របស់​កម្ពុជា​ ដោយសារតែ​មាន​អ្នក​ទេសចរ​រុស្ស៊ី​ជាច្រើន បានទៅ​ទស្សនា និង​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រទេស​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;