សម្តេច ហ៊ុន សែន៖ បើ EU ដក​ការ​អនុគ្រោះ​ពន្ធ គឺ​ហាក់​បោះបង់ចោល​​នូវអ្វីៗ​ដែល​ខ្លួនខំ​ធ្វើ​កន្លង​មក

  • 2018-10-19 02:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា​ កន្លង​មក សហភាព​អឺរ៉ុប (EU) បាន​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន ព្រោះ​ចង់ឃើញ​កម្ពុជា​រីក​ចម្រើន។ ប៉ុន្តែ​ប្រសិន​ជា EU សម្រេច​ដក​ចេញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ហាក់បី​ដូចជា EU បោះ​បង់​ចោល​នូវ​អ្វីៗ​ដែលខ្លួន​បាន​ខិតខំ​ធ្វើ​កន្លងមក​នៅ​កម្ពុជា។ ការ​ថ្លែង​នេះ ធ្វើឡើងក្នុង​ពេល​ដែល​សម្តេច​អញ្ជើញ​ជួប​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ក្រុង​ប៊្រុចសែល ប្រទេស​បែលហ្សិក កាលពីថ្ងៃទី១៨តុលា ២០១៨។

សម្តេច​នាយករដ្ឋមន្រ្តី មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា សម្តេច​មិនចង់​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ដែលបាន​ប្រព្រឹត្ត​នូវ​កំហុស ២លើក​រួចមក​ហើយ បន្ត​ប្រព្រឹត្ត​កំហុស​ជាលើក​ទី៣ មកលើ​កម្ពុជា​ទៀតឡើយ។

-កំហុសលើក​ទី១ គឺកាល​ពី​អតីតកាល​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ដែលមាន​ប្រទេស​ប្រជា​ធិបតេយ្យ​មួយចំនួន​នៅ​អឺរ៉ុប ​បាន​គាំទ្រ​រដ្ឋ​ប្រហារ​យោធា​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​នាំមកនូវ​សង្រ្គាម​វិនាសកម្ម និងការ​បំផ្លិច​បំផ្លាញ​ដល់​កម្ពុជា។

-កំហុសទី២ គឺ​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​នោះ​បាន​គាំទ្រ​របប​ខ្មែរ ក្រហមជាង ១​ទសវត្សរ៍ រួមទាំង​ការពារ​កៅអីខ្មែរ​ក្រហម នៅ​អង្គការ​សហប្រជាជាតិ (UN) ដែល​របប​នេះ​ បាន​សម្លាប់​មនុស្ស​អស់ជាង ៣លាន​នាក់។

សម្តេចថា ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ គឺ​ពួកគេ​មិនមាន​អ្វី​សោកស្តាយ​ចំពោះ​ការ​បាត់បង់​របស់​កម្ពុជា នាពេល​កន្លងមក​ឡើយ។

ជាមួយ​នឹង​កំហុស​ខាងលើ​នេះ សម្តេច ហ៊ុន សែន បាន​ស្នើ​កុំឱ្យ​មាន​កំហុស​ទី៣ កើតឡើង​ចំពោះ​កម្ពុជា ជា​បន្ត​ទៀត ព្រោះ​មិនមែន​ប្រទេស​ទាំងនោះ​ជា​អ្នក​ដែលត្រូវ​ទទួល​រងនូវ​ភាព​ខ្លោចផ្សា​ទាំងនោះ​ទេ គឺ​ពលរដ្ឋ​កម្ពុជា ជាអ្នក​ដែលត្រូវ​ទទួល​រងនូវ​ការ​ឈឺចាប់ និង​វិនាស​ហិនហោច។

សម្តេច ហ៊ុន សែន ក្នុងពេលជួបតំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ក្រុង​ប៊្រុចសែល ប្រទេស​បែលហ្សិក កាលពីថ្ងៃទី១៨តុលា ២០១៨។ រូបថត៖ FB សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ជូន​នៅមុខ​ពាណិជ្ជករ វិនិយោគ​គិន និង​មន្រ្តី​សំខាន់ៗ​មកពី ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប​ថា ទោះបី​សហភាព​អឺរ៉ុប មាន​បំណង​ដាក់​ទណ្ឌកម្ម​ដក EBA ពី​កម្ពុជា​យ៉ាងណាក្តី ក៏​កម្ពុជា​មិន​សងសឹក ទៅលើ​ក្រុមហ៊ុន​មកពី​សហគមន៍​អឺរ៉ុប ឬ​មកពី​បណ្តា​ប្រទេស​ដទៃ ឱ្យ​មានការ​ពិបាក​ ឬ​ទទួលការ​ខាតបង់​ដោយសារ​ការ​សម្រេច​ចិត្ត មិនត្រឹមត្រូវ​របស់​សហភាព​អឺរ៉ុប​ដែរ។ សម្តេច បាន​ធានា​ការពារ​ផលប្រយោជន៍ ហើយ​អញ្ជើញ​ក្រុមហ៊ុន​អឺរ៉ុប ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត។

បើតាម​លោក​អនុ​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប ដែលមាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ ៤០០​ក្រុមហ៊ុន បាន​ចាត់ទុក​ថា ប្រសិន​ជាមាន​ការ​ដកចេញ​នូវ​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែននោះ វា​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី EU។ តាមរយៈ​របាយការណ៍​នេះ តំណាង​ធុរកិច្ច​អឺរ៉ុប-អាស៊ាន នឹង​ជួប​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​តំណាង​ក្រុមប្រឹក្សា​អឺរ៉ុប​លើ​បញ្ហា​នេះ ព្រោះវា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ខាតបង់​នូវ​ផលប្រយោជន៍​ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា។

យោងតាម​ទំព័រហ្វេសប៊ុក​សម្តេច ហ៊ុន សែន ឱ្យដឹងថា ក្នុង​ករណី​ដែល​សហភាពអឺរ៉ុប​សម្រេច​ជាផ្លូវការ​ដក EBA ពី​កម្ពុជា គឺ​ទីផ្សារ​អឺរ៉ុប នៅតែ​បើក​ចំហរ​សម្រាប់​កម្ពុជា​ដដែល។ ប៉ុន្តែ​គ្រាន់តែ​មាន​ការ​បន្ថែម​តម្លៃ​ពន្ធដារ​មួយចំនួន​ប៉ុណ្ណោះ។​ កម្ពុជា​ត្រូវតែ​ខិតខំ​កសាង​អភិវឌ្ឍ​ខ្លួន​ឱ្យ​រួច​ផុត​ពីភាព​ក្រីក្រ ដើម្បី​មាន​កម្លាំង​សេដ្ឋកិច្ច​រឹងមាំ នៅពេលនោះ​ហើយ EBA ក៏នឹង​ត្រូវ​ដកចេញ​ជា​ស្វ័យប្រវត្តិ។ ការផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) គឺសម្រាប់​ប្រទេស​ក្រីក្រ ក្នុងការ​នាំយក​ផលិតផល និង​ទំនិញ​នានា មកកាន់​ទីផ្សារ EU ដោយ​មានការ​អនុគ្រោះ​ពន្ធ ហើយមិន​អាចផ្តល់​ជូនជា​រៀង​រហូតនោះ​បានឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;