GMAC៖ ការព្យួរបណ្តោះអាសន្ន EBA អាចប៉ះពាល់ដល់កម្មករក្នុងរយៈពេលវែង
- 2018-10-22 12:43:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GMAC៖ ការព្យួរបណ្តោះអាសន្ន EBA អាចប៉ះពាល់ដល់កម្មករក្នុងរយៈពេលវែង
ចន្លោះមិនឃើញ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានហៅការព្យួរបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) ឬទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដល់ជីវិតកម្មករ និងគ្រួសាររបស់ពួកគេ។ នេះបើតាមលិខិតរបស់ GMAC ផ្ញើទៅកាន់លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប ដែលចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែតុលា និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ។
GMAC ដែលតំណាងឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនាំចេញទាំងអស់នៅកម្ពុជា បានលើកឡើងថា វិស័យនេះ បានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ ដែលជាង៨៥% ជាស្រ្តីមកពីបណ្តាខេត្តជនបទ។ ប្រជាពលរដ្ឋ២លាននាក់ដទៃទៀតក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ ពឹងផ្អែកលើវិស័យនេះ។ ជារៀងរាល់ខែ ប្រាក់ខែជាង ១៥០លានដុល្លារអាមេរិក ត្រូវបានចំណាយទៅលើកម្មករទាំងនេះ។
GMAC បន្តថា៖ «សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មសំខាន់មួយសម្រាប់កម្ពុជា ហើយជាពិសេសចំពោះវិស័យសម្លៀកបំពាក់និងស្បែកជើង។ ជាង ៤៦%នៃការនាំចេញសរុបនៃសម្លៀកបំពាក់និងស្បែកជើងរបស់យើង គឺទៅសហភាពអឺរ៉ុប ហើយយើងទន្ទឹងរង់ចាំបង្កើនចំនួននេះបន្ថែមទៀតនាឆ្នាំខាងមុខ»។
«កំណត់ត្រារបស់យើងក្នុងការលើកកម្ពស់អនុសញ្ញាចំនួន១៥ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងការងារស្នូល ព្រមទាំងអនុសញ្ញាចំនួន១២ពាក់ព័ន្ធនឹងបរិស្ថាន អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងការជួញដូរនិង ផលិតគ្រឿងញៀនដែលសង្កត់ធ្ងន់នៅក្នុងគោលការណ៍ណែនាំរបស់លោកស្រី បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងនៅក្នុងវិស័យនេះ»។ GMAC បន្ថែម។
ជាមួយគ្នានេះ GMAC ក៏បានអំពាវនាវឲ្យមានចំណាត់ការយកចិត្តទុកដាក់ និងការសម្រេចប្រកបដោយការពិចារណាពីលោកស្រីស្នងការផងដែរ៕