អតីត​តំណាងរាស្រ្ត CNRP លោក ជាម ច័ន្ទនី ទទួល​មរណភាព ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ៣​ខែ

  • 2018-10-26 02:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ជាម ច័ន្ទនី បាន​ទទួល​មរណភាព​នៅ​គេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ដោយ​ជំងឺ​មហារីក​ខួរក្បាល។

ប្អូនស្រី​នៃ​សព គឺ​អ្នកស្រី ជាម សំណាង ថ្លែង​ថា លោក ជាម ច័ន្ទនី បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ប្រមាណ​៣​ខែ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប៉ាឡូ ក្នុង​​ទីក្រុង​បាងកក​ ប្រទេស​ថៃ ប្រហែល​១​ខែ​កន្លះ។ ប៉ុន្តែ​ស្ថានភាព​ជំងឺ​កាន់តែ​ដុនដាប រហូត​គ្រូពេទ្យ​ឲ្យ​សាច់ញាតិ​បញ្ជូន​លោក​ត្រឡប់​ទៅ​សម្រាក​នៅផ្ទះ​បាន​២០​ថ្ងៃ​ក៏​ទទួលអនិច្ចកម្ម។

អ្នកស្រី​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ដុះ​សាច់​ក្នុង​ខួរក្បាល​និង​និង​រោគ​សួត ប៉ុន្តែ​មិន​ទាន់​បាន​ព្យាបាល​ទេ ដោយសារ​គាត់​ដួល​កកឈាម​ក្នុង​ខួរក្បាល ហើយ​ដុះ​សាច់​ទៀត​ដល់​ពេល​ហើយ​ក៏​ជំងឺ​បាន​ឆ្លង​ទៅ​ខួរក្បាល​ទៀត តែ​ដល់​ហើយក៏​កកឈាម​ម្ដង​ហើយ​ធ្វើការ​វះកាត់​ម្ដងទៀត។ យើង​មើល​ជា​ហើយ​តែ​យើង​មើល​សួត​អត់​ទាន់​ក៏​បែក​ឈាម​កាន់តែ​ធ្ងន់​តែម្ដង»។

លោក ជាម ច័ន្ទនី ថ្លែងក្នុងវេទិការបស់ CNRP កាលពីខែមិថុនា ឆ្នាំ២០១៦។ រូបថត៖ វិបសាយ CNRP7
បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​សាច់ញាតិ​តម្កល់​ធ្វើបុណ្យ​ចំនួន ៣​ថ្ងៃ នៅ​គេហដ្ឋាន​នៃ​សព​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​នៅ​ភ្នំពេញ។

សូមជម្រាប​ថា បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក មាជ សុវណ្ណារ៉ា អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​បក្ស​ប្រឆាំង បាន​បង្ហាញ​ត្រួសៗ​អំពី​អតីតភាព​ការងារ​របស់​លោក​ ជាម ច័ន្ទនី រួមមាន៖

-លោក ជាម ច័ន្ទនី ជា​អតីត​អ្នក​តំណាងរាស្រ្ត​របស់បក្ស​ប្រឆាំង​ចំនួន ៤អាណតិ្ត​មកហើយ​តាំងពីឆ្នាំ​១៩៩៨ រហូតដល់ឆ្នាំ​២០១៧។

– លោកជា​អតីត​អ្នកទោស​នយោបាយ​ជិត​២ឆ្នាំ ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០។

-នាយ​ទាហាន​ជើងគោក​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​ជើង​អាកាស​ក្នុង​កងពល​ពិសេស​កងទ័ព​ឆ័ត្រយោង៩១១ រហូតដល់ឆ្នាំ​១៩៩៦។

-អតីត​និស្សិត​សិក្សា​នៅ​ជំរំ​ជាយដែន និងជា​អតីត​នាយ​ទាហាន​តស៊ូ​នៃ​ចលនា​រណសិរ្ស​ជាតិ រំដោះ​ប្រជាពលរដ្ឋខ្មែរ គឺ​ចលនា​កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋខ្មែរ​ដឹកនាំ​ដោយ​លោកតា សឺន សាន និង​លោកសក់ ស៊ុតសាខន ក្នុង​ទសវត្សឆ្នាំ​៨០&៩០៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;