កម្ពុជា គ្រោង​ចំណាយ​ជាង ១៩ពាន់​លាន​ដុល្លារ សម្រាប់​កសាង និងកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ

  • 2018-10-31 02:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈ​គម្រោង​សិក្សា​ផែនការ​មេភស្ដុ​ភារកម្ម​នៅ​កម្ពុជា រាជរដ្ឋាភិបាល​ គ្រោងនឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង១៩​ពាន់​លាន​ដុល្លារ សម្រាប់​កសាង និង​កែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង​កសាង​ផ្លូវ​ល្បឿនលឿន ព្រមទាំង​ការ​តភ្ជាប់​ទៅកាន់​ប្រទេស​ក្នុង​តំបន់​ថែមទៀត។ នេះ​បើតាម​ការថ្លែង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ផែនការ​មេ​ភស្ដុភារកម្ម​នៅ​កម្ពុជា កាលពីថ្ងៃទី​ ៣០ ខែ​តុលា​ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ភ្នំពេញ។

លោក​លើកឡើង​ថា ថវិកា​នេះ គឺជា​ចំនួន​ដ៏​ច្រើន ហើយ​រាជរដ្ឋាភិបាល ​​​មិនអាច​ធ្វើ​កិច្ច​ការងារ​នេះ​តែ​ម្នាក់ឯង តាម​រយៈ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​បាន​នោះទេ គឺ​ត្រូវ​ពឹងផ្អែក​លើ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ចូលរួម​អនុវត្ដ​គម្រោង​ទាំងនេះ​ឱ្យ​ទទួល​បាន​ជោគជ័យ។

លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកកាសែត ក្នុងពិធីបើកការដ្ឋានស្តារឡើងវិញអាងហែលទឹក នៅពហុកីឡដ្ឋានជាតិ កាលពីសប្តាហ៍មុន
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​សិក្សា​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ការ​ដាក់​បញ្ចូល​ផែនការ​មេ​ផ្នែក​ភស្ដុភារ​កម្ម​ ដែល​ដៃគូ​អភិវឌ្ឍន៍​បាន​ធ្វើ​ទាក់ទង​នឹងការ​កសាង​ផ្លូវ​ថ្នល់ ​ការ​កសាង​ផ្លូវ​ល្បឿនលឿន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវទឹក និង​ការ​ជួសជុល និង​កសាង​ផ្លូវដែក​ជាដើម។ ប៉ុន្ដែ​ការសិក្សា និង​គម្រោង​ទាំងអស់​នោះ នៅមិន​ទាន់បាន ដាក់​ច្របាច់​បញ្ចូល​គ្នា និង​បញ្ចប់​ផែនការ​មេ​នៅ​ឡើយទេ ដែល​ត្រូវធ្វើការ​ពិនិត្យ​ឡើង​វិញ ព្រមទាំង​បំពេញ​បន្ថែម​ទៅលើ​ផែនការ​មេ​ផងដែរ។ លោក​រដ្ឋមន្រ្តី​បន្ថែម។

ផែនការ​ទាំងនេះ រួមមាន​ ការ​ពង្រីក​ផ្លូវជាតិ​លេខ៥ ពី​ភ្នំពេញ​ទៅខេត្ដ​បាត់ដំបង បន្ទាយមានជ័យ និង​ប៉ោយប៉ែត ដោយ​ពង្រីក​ពី ២គន្លង ទៅ​៤គន្លង ដែល​ផ្លូវនេះ​គឺជា​ផ្លូវ​អាស៊ាន​ភ្ជាប់ពី​ប្រទេស​ចិន ដល់​ប្រទេស​មីយ៉ាន់ម៉ា ថៃ និង​ចូលមក​កម្ពុជា ហើយ​បន្ដ​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ១ ដល់​បាវិត និង​ភ្ជាប់ជា​មួយនឹង​ប្រទេស​វៀតណាម។ ចំណែក​ផ្លូវជាតិ​លេខ៣ ក៏​កំពុងតែ​ពង្រីក​កែ​លម្អ​បន្ថែម​ទៀត ចាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ដ​កំពត ដោយ​ពង្រីក​ពី ២​គន្លង ទៅ ៤គន្លង ដែលមាន​ប្រវែង​៧០​គីឡូមែត្រ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់ផ្លូវ​បែកគូស។ ទន្ទឹម​នេះ ការ​កសាង និង​កែលម្អផ្លូវជាតិ​លេខ១១ ពី​អ្នកលឿងរហូត​ដល់​ផ្លូវជាតិ​លេខ៧ ព្រមទាំង​ការកសាង និងកែ​លម្អផ្លូវជាតិ​សំខាន់ៗ​ជាច្រើន​ទៀត​ពីការ​ចាក់កៅស៊ូ ST ទៅ​AC ឬ​ចាក់បេតុង ដើម្បី​ធានា​គុណភាព​ប្រើប្រាស់​ឱ្យបាន​យូរអង្វែង។

លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា ក្រៅពីការ​កសាង និង​កែលម្អផ្លូវថ្នល់​នោះ ក្រសួង​សាធារ​ណការ នឹង​បន្ដ​រៀប​ចំ​ផែនការ​មេ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹកជញ្ជូន នៅ​ខេត្ដ​ព្រះសីហនុ ខេត្ដ​សៀមរាប ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ខេត្ដ​កំពង់ស្ពឺ ខេត្ដ​កែប និងខេត្ដ​កំពត ដោយសារតែ​ខេត្ដ​ទាំងនេះ កំពុងតែ​មានការ​រីក​ចម្រើន​ផ្នែក​សំណង់ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក៏​ដូចជា​នាពេលខាងមុខ​ផងដែរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;