ផ្លូវបំបែក​ស្រែអំបិល-​កោះកុង គ្រោង​បញ្ចប់​ការ​ជួសជុល​បឋម​ នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៨

  • 2018-11-13 09:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​ការដ្ឋាន​ជួសជុល​ថែទាំ​ផ្លូវ​ជាតិ​លេខ​៤៨ នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ​៤៨ (​ផ្លូវបំបែក​ស្រែអំបិល-ទីរួម​ខេត្ត​កោះកុង) គ្រោង​នឹង​បញ្ចប់​ការ​ជួសជុល​បឋម​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ២០១៨ មុន​ពិធី​បុណ្យ​សមុទ្រ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំមន្ត្រីចុះត្រួតពិនិត្យ ស្ថានភាព​ការដ្ឋាន​ជួសជុល​ថែទាំ​ផ្លូវ​ជាតិ​លេខ​៤៨ នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​នេះ
ផ្លូវ​នេះ​ មាន​ប្រវែង ១៥០គីឡូម៉ែត្រ ចាប់ពី​ផ្លូវ​បំបែក​ស្រែ​អំបិល​ទៅ​ដល់​ទី​រួម​ខេត្ត​កោះកុង។ ក្នុង​ចម្ងាយ​ផ្លូវ ១៥០​គីឡូម៉ែត្រ​នេះ ផ្លូវ​ប្រវែង​ ៦៣​គីឡូម៉ែត្រ ត្រូវ​ទទួល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេង​ៗ​ទៀត​។

លោក​ទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត​ប្រវែង ៦៣ គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចែក​ចេញ​ជា ៩១កំណាត់​ដើម្បី​ជួសជុល​ដោយ​អង្គភាព​ធំៗ​ចំនួន​៣ រួមមាន៖ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវ​ថ្នល់ និង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួង​ការពារ​ជាតិ។ ការ​ជួសជុល បាន​ប្រើប្រាស់​គ្រឿង​ចក្រ​សម្រាប់​ជួសជុល​ប្រមាណ​ ៤០០គ្រឿង និង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ធានា​ការ​ជួសជុល និង​ថែទាំ​ផ្លូវ​នេះ រហូត​ដល់​ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង ស្តារ និង​ធ្វើឲ្យ​ប្រសើរ​ឡើង ក្រោម​ឥណទាន​ប្រាក់​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ (EDCF)។

លោក​ទេសរដ្ឋមន្ត្រី​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ ចូល រួម​ថែរក្សា​ក្នុង​ស្មារតី​ភាព​ជា​ម្ចាស់ការ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ និង​បាន​ក្រើន​រំលឹក​ដល់ មន្ត្រី​តាម​ស្ថានីយ​ជញ្ជីង​ទាំងអស់​ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ជៀសវាង​ការ​ប្រព្រឹត្ត អំពើ​ខុស​ប្រក្រតី​។

សូមជម្រាបថា ខេត្ត​កោះកុង នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី២ ដែល​ប្រារព្ធ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ​នេះ។ នៅ​ក្នុង​ពិធី​នោះ​ដែរ ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និង​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;