លោក វន់ ពៅ អំពាវនាវឱ្យ​អាជ្ញាធរ រក​ដំណោះស្រាយ​ដល់​អ្នក​លក់ដូរ​តាម​ដងផ្លូវ

  • 2018-11-14 08:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ ជួយ​ទប់ស្កាត់ និង​រក​ដំណោះស្រាយ​ដោយ​ភាព​វិជ្ជមាន ដល់អ្នក​លក់​ដូរ​តាមដងផ្លូវ បន្ទាប់ពី​សមាគម​នេះ បាន​រកឃើញ​ថា អ្នក​លក់ដូរ​តាម​ដងផ្លូវ បាន​ជួបប្រទះ​នឹង​បញ្ហា​មួយ​ចំនួន។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ "ទិវា​អ្នកលក់ដូរ​តាមដង​ផ្លូវខួប​លើកទី៦" នាថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក វន់ ពៅ ក្នុងពេលទៅទទួលអ្នកស្រី ទេព វន្នី ដែលត្រូវបានដោះលែង ចេញពីពន្ធនាគារ កាលពីពេលថ្មីៗនេះ
យោងតាម​សេចក្តីថ្លែងការណ៍​របស់​ IDEA បាន​លើកឡើង​នូវការ​អំពាវនាវ​របស់​លោក វន់ ពៅ ទៅកាន់​អាជ្ញាធរ ដូច​ខាងក្រោម៖

-រៀបចំ​សណ្តាប់​ធ្នាប់ ដោយមាន​ភាព​ទទួលខុសត្រូវ​ចំពោះ​អ្នកលក់ដូរ​តាមដងផ្លូវ

-រៀបចំ​កន្លែង​លក់ដូរ ឱ្យបានសមរម្យ និង​អនាម័យ​ល្អ​ប្រកបដោយ​សុវត្ថិភាព

-ដាក់​គំនូស​ខណ្ឌ​ចែកចំណែក​ចិញ្ចើម​ផ្លូវ ឬដាក់របង​សម្រាប់​បែងចែក​ចំណែក​ផ្លូវ​សម្រាប់​អ្នកលក់ ដែល​ជា​សោភ័ណភាព​ទីក្រុង និង​ផ្តល់ភាព​ងាយស្រួល​ដល់​មហាជន​ទាំងឡាយ ក្នុងការ​ទិញដូរ និង​ដើម្បី​សុវត្ថិភាព

-អនុវត្ត​ឡើងវិញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សារាចរ​របស់​រាជរដ្ឋាភិបាលលេខ១១ ស រ ស្តីពី (ការ​លុបការ​បង់ថ្លៃ​ភាស៊ី ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ជ្រែង កញ្ជើរ ល្អី)

-សុំបន្ត​ធ្វើឡើង​វិញ​នូវបណ្ណ​មូលនិធិ​សមធម៌​សម្រាប់​អ្នក​លក់ដូរ​តាមដងផ្លូវ

-សុំឱ្យ​រាជរដ្ឋាភិបាល អនុវត្ត​តាម​អនុសាសន៍​របស់ ILO លេខ២០៤ ឆ្នាំ​២០១៥ ស្តីពីការ​ទទួលស្គាល់​ជាផ្លូវការ​អ្នកលក់ដូរ​តាមដងផ្លូវ​ជាផ្នែកមួយ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

-ស្នើឱ្យ​រាជរដ្ឋាភិបាល​បង្កើត​មណ្ឌល​ទារកដ្ឋាន សម្រាប់​ផ្ញើរកូនៗអ្នកលក់​តាមដងផ្លូវ៕

សកម្មភាពទិញលក់បាយម្ហូប នៅតាម​បណ្តោយផ្លូវរថភ្លើង ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក

អត្ថបទ៖ សំភី

អត្ថបទថ្មី
;