ក្រសួងការពារជាតិ មិនជំទាស់នឹងសំណើចុះពិនិត្យមើលទីតាំងសង្ស័យថា សង់មូលដ្ឋានទ័ពចិនឡើយ
- 2018-11-28 01:44:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការពារជាតិ មិនជំទាស់នឹងសំណើចុះពិនិត្យមើលទីតាំងសង្ស័យថា សង់មូលដ្ឋានទ័ពចិនឡើយ
ចន្លោះមិនឃើញ
មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបញ្ជាក់កាលពីថ្ងៃទី២៦វិច្ឆិកាថា ក្រសួងការពារជាតិ នឹងមិនជំទាស់ទៅនឹងការស្នើសុំចុះទៅពិនិត្យមើលផ្ទាល់នៅទីតាំងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន នៅខេត្តកោះកុង ដែលសង្ស័យ និងរងការចោទប្រកាន់ថា មានការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននោះទេ។ ប៉ុន្តែ លោកថាវាពុំមែនជាករណីចាំបាច់ដែលត្រូវទៅមើលផ្ទាល់ ដោយសារបច្ចុប្បន្ន ជាសម័យបច្ចេកវិជ្ជាទំនើប គឺគេអាចមើលពីលើអាកាសបាន។
ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់អាមេរិកប្រចាំកម្ពុជាលោក វីល្លៀម ហៃដ៍ (William Heidt) បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាប្រកបដោយតម្លាភាព ជុំវិញរឿងមូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុងនេះ។
លោក ឈុំ សុជាត បន្តថា ជំហរចុងក្រោយរបស់ក្រសួងការពារជាតិ ជុំវិញករណីចោទប្រកាន់ថា មានការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុងនោះ គឺនៅដដែល។ លោកគូសបញ្ជាក់ថា ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ និងថាកម្ពុជានឹងមិនអនុញ្ញាតឲ្យមានរឿងនេះកើតឡើងនោះឡើយ។
លោកលើកឡើងយ៉ាងដូច្នេះថា៖ «មានមតិខ្លះគេសុំទៅមើលកន្លែងហ្នឹង អីចឹង ក៏ខ្ញុំមិនបដិសេធទេ ប៉ុន្តែ វាមិនចាំបាច់ទៅមើល ពីព្រោះដំណឹងហ្នឹងវាអត់ពិតផង ទៅមើលធ្វើអី? ហើយបច្ចេកវិជ្ជាអាមេរិកាំងឥឡូវទំនើបណាស់ គេអាចមើលពីលើមក មើលរហូតដល់ក្រោមដីទៀតឯណោះ។ ដូច្នេះ សំខាន់គឺជំហររបស់រដ្ឋាភិបាល។ រដ្ឋាភិបាលថាអត់មានហើយ គឺអត់មានហើយ។ មិនចាំបាច់ទៅមើលទេ»។
គួររំលឹកថា នៅក្នុងជំនួបលាគ្នាមួយ ជាមួយលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ វិច្ឆិកា លោក វីល្លៀម ហៃដ៍ បានថ្លែងទទួលស្គាល់នូវសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់រាជរដ្ឋាភិបាល ដែលអះអាងថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយលើទឹកដីកម្ពុជានោះឡើយ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឲ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរ បានកត់សម្គាល់នូវសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងតម្លាភាពលើបញ្ហានេះ។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីបញ្ហាប្រឈម និងឱកាសក្នុងការកសាងឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងពេលដែលកាលពីដើមឆ្នាំ២០១៧ កម្ពុជាបានផ្អាកសមយុទ្ធយោធាទាំងអស់ជាមួយសហរដ្ឋអាមេរិក ក្រោមហេតុផលថា ជាប់រវល់រៀបចំព្រឹត្តិការណ៍បោះឆ្នោត។
កាលពីពេលថ្មីៗនេះ អត្ថបទរបស់កាសែត Asia Times បានរៀបរាប់អំពីលទ្ធភាពនៃការកកើតមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្តកោះកុង តាមរយៈដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន UDG ទំហំជាង ៤ម៉ឺន ៥ពាន់ហិកតា រយៈពេល ៩៩ឆ្នាំ ដើម្បីឲ្យចិនសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ចម្បាំងចិនចូលចតបាន ហើយកម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាលនៃសង្គ្រាមត្រជាក់រវាង និងអាមេរិក។
ភា្លមៗក្រោយមក ក្រសួងការពារជាតិកម្ពុជា បានចេញសេក្តីថ្លែងការណ៍ច្រានចោលការចេញផ្សាយអត្ថបទខាងលើនេះ ដោយលើកឡើងថា ជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងគ្មានប្រភពច្បាស់លាស់។ សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ថា កម្ពុជាមិនបានចូលរួមជាមួយសង្គ្រាមត្រជាក់ណាមួយ ឬអនុញ្ញាតឲ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានយោធា។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៩វិច្ឆិកាកន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងផ្ញើលិខិតមួយច្បាប់បញ្ជាក់ពីជំហររបស់កម្ពុជា ជូនលោក Mike Pence អនុប្រធានាធិបតីអាមេរិក អំពីការចោទប្រកាន់ជុំវិញរឿងមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជានេះ៕