អតីត​បវរកញ្ញា​រុស្ស៊ី រៀបការ​ជាមួយ​ស្ដេច​ម៉ាឡេស៊ី តែ មហាធៀ ថា​អត់​ដឹង

  • 2018-11-30 04:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​បវរកញ្ញា​ក្រុង​មូស្គូ វ័យ ២៥​ឆ្នាំ នាង Oksana Voevodina ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​រាយការណ៍​ថា បាន​រៀបការ​ជាមួយ​នឹង​ព្រះចៅ Sultan Muhammad V ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះជន្ម ៤៩​វស្សា នៅ​ជាយក្រុង​មូស្គូ កាលពី​ពេល​ថ្មីៗ​នេះ។

ព្រះចៅ Sultan Muhammad V ព្រះមហាក្សត្រ​ម៉ាឡេស៊ី គង់លើ​កៅអីជាមួយ​នាង Oksana Voevodina

ប៉ុន្ដែ​លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ២០១៨​ថា លោក​ពុំមាន​ការ​បញ្ជាក់​ជាផ្លូវការ​ពី​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ដែល​បាន​រៀបការ​ជាមួយ​នឹង​អតីត​បវរកញ្ញា​រុស្ស៊ី​នោះ​ទេ។

លោក មហាធៀ ថា "ខ្ញុំ​មិនដឹង។ ខ្ញុំ​ពុំមាន​ការ​បញ្ជាក់​ផ្លូវការ ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទេ"។

ចំណែក​ទូរទស្សន៍​រុស្ស៊ី RT បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ២០១៨ ថា គូ​ស្វាមីភរិយា​ថ្មី​នេះ​បាន​ទៅ​គ្លីនិក​មួយ នៅ​ប្រទេស​អាល្លឺម៉ង់ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​រៀបការ​នៅ​ក្រុង​មូស្គូ។ RT រាយការណ៍​ថា "ជំនួយការ​នាង Oksana Voevodina បញ្ជាក់​ថា ដំណើរទៅ​ប្រទេស​អាល្លឺម៉ង់​នោះ គឺ​សម្រាប់​ការ​ព្យាបាល"។

ពេល​នេះ ខាង​រាជវាំង​ម៉ាឡេស៊ី​ពុំ​ទាន់​ធ្វើ​សេចក្តីថ្លែងការណ៍​បញ្ជាក់​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;