រដ្ឋសភា នឹងធ្វើវិសោធនកម្មច្បាប់ បើកផ្លូវដល់អ្នកជាប់បម្រាមលើសកម្មភាពនយោបាយ
- 2018-12-04 01:27:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋសភា នឹងធ្វើវិសោធនកម្មច្បាប់ បើកផ្លូវដល់អ្នកជាប់បម្រាមលើសកម្មភាពនយោបាយ
ចន្លោះមិនឃើញ
តំណាងរាស្ត្រហត្ថលេខីចំនួន ៨៧រូប របស់គណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោជនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
លោកបានបញ្ជាក់ថា វិសោធនកម្មខាងលើនេះ មានគោលដៅសំខាន់ៗពីរ គឺ បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គលដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ និងបើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើអាចទទួលបាននីតិសម្បទាឡើងវិញតាមច្បាប់នេះ។ វិសោធនកម្មនេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។
លោកបានលើកឡើងថា “ការធ្វើវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នេះ កន្លងមកច្បាប់ក៏មានខ្វះចន្លោះតិចដែរ យើងមិនបានគិតគូរដល់គាត់ទេ (អ្នកដែលហាមឃាត់ធ្វើសកម្មភាពនយោបាយ) ឥឡូវនេះ យើងគិតគូរដល់គាត់ បើសិនជាអ្នកនោះ ត្រូវនាយករដ្ឋមន្ត្រីវាយតម្លៃថា គាត់មិនបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិទេ នាយករដ្ឋមន្ត្រីអាចស្នើសុំព្រះមហាក្សត្រ ផ្តល់នីតិសម្បទាឡើងវិញ ហើយចាប់ធ្វើនយោបាយឡើងវិញបាន តាមសំណើរបស់ក្រសួងមហាផ្ទៃ”។
អគ្គលេខាធិការរដ្ឋសភាបានបញ្ជាក់ថា នេះជាច្បាប់មួយដែលបំពេញបន្ថែមទៅច្បាប់មុន គឺមាត្រា ៤៥ចាស់ មិនបានគិតគូរគ្រប់ជ្រុងជ្រោយដល់អ្នកដែលតុលាការហាមឃាត់ធ្វើសកម្មភាពនយោបាយ។ ឥឡូវមាត្រា៤៥ថ្មី (ស្ទួនមួយ) បានគិតគូរទៅដល់អ្នកដែលត្រូវតុលាការហាម ហើយអាចត្រូវផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រី ដោយមានការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហើយច្បាប់នេះ ពាក់ព័ន្ធចំពោះអ្នកដែលត្រូវតុលាការកំពូលហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ (១១៨រូប) ប៉ុន្តែត្រង់ថា សម្តេចនាយករដ្ឋមន្ត្រីស្នើសុំផ្តល់ឲ្យនីតិសម្បទាដល់អ្នកណាខ្លះ គឺលោកមិនដឹងទេ ពីព្រោះសម្តេចនាយករដ្ឋមន្ត្រីជាអ្នកសម្រេច។
ចំណែកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី០៣ ខែធ្នូ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋមន្ថែមទៀត រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញាតិ្តច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ៕