នាយករដ្ឋមន្ត្រី​ស្តីទី៖ កម្ពុជា​ប្រឆាំង​រាល់ទង្វើ​នៃ​ការរើសអើង​សាសនា

  • 2018-12-06 03:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បានថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា​ប្រឆាំង​រាល់ទង្វើ​នៃ​ការរើសអើង ការ​បែងចែក​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​បណ្តាល​មកពី​ភាពខុសគ្នា​នៃ​ជំនឿសាសនា​នីមួយៗ សំដៅ​ទប់ស្កាត់​រាល់ការយក​សាសនា​ធ្វើជា​ឧបករណ៍ ឬ​ធ្វើអាជីវកម្ម ដែល​អាច​បង្ក​ជាវិបត្តិ ឬ​ចលាចលសង្គម។

សម្ដេច ស ខេង ចូលរួម​ក្នុង​​ពិធី​បើក​អង្គសិក្ខាសាលា​ស្តីពី​កិច្ចសន្ទនា​អន្តរជំនឿសាសនា​ដើម្បី​ពង្រឹង​សុខដុមនីយកម្ម​សាសនា​នៅ​ព្រះរាជាណាចក្រកម្ពុជា លើកទី៧
ការថ្លែងបញ្ជាក់នេះ ធ្វើឡើង​នៅក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​ស្តីពី​កិច្ចសន្ទនា​អន្តរជំនឿសាសនា​ដើម្បី​ពង្រឹង​សុខដុមនីយកម្ម​សាសនា​នៅ​ព្រះរាជាណាចក្រកម្ពុជា លើកទី៧ ក្រោម​ប្រធានបទ "សាសនិក​គ្មានគ្រឿងញៀន និង​ការគោរពច្បាប់​ចរាចរណ៍ផ្លូវគោក" នៅ​ព្រឹក​ថ្ងៃ​ទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅ​សាលសន្និសីទចតុមុខ។

សម្តេច ស ខេង បានមាន ប្រសាសន៍ថា ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ជាការផ្តល់​កិត្តិយស និង​កិត្យានុភាព នៃ​សុខដុមនីយកម្ម​សាសនា​នៅ​កម្ពុជា ក៏ដូចជា​ការបង្ហាញ​យកចិត្តទុក​ដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​សេរីភាព នៃ​ជំនឿសាសនា​របស់​ប្រជាពលរដ្ឋ​លើឆាកជាតិ និងអន្តរជាតិ។ ជាពិសេស​ការអនុវត្ត​នូវគោលនយោបាយ​ការ​បង្រួបបង្រួម​ជាតិ ដែល​ធ្វើអោយ​សាសនិក​នៃសាសនានិមួយៗ​នៅ​កម្ពុជា កាន់តែ​ខិតជិត​ចូល​គ្នា រវាង​គន្លាត​ទាំងឡាយ​ដែល​មាន​នៅក្នុង​ផ្ទៃក្នុង​នៃ​ការប្រតិបត្តិ តាម​ឱវាទ​ជំនឿ​សាសនានិមួយៗ និង​កាន់តែ​បាន​ផ្សាភ្ជាប់គ្នា​ជាមួយនឹង​ការគោរព​ដើរតាមមាគ៌ា នៃ​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។

សម្តេចក្រឡាហោម​បានបញ្ជាក់​ថា "ស្ថិតក្នុងបរិបទនេះដែរ រាជរដ្ឋាភិបាល​ក៏​បានយកចិត្ត​ទុកដាក់​ផ្តល់សិទ្ធិសេរីភាព​យ៉ាងទូលំទូលាយ និង​ពេញលេញ​ជូន​ប្រជាពលលរដ្ឋ​ទូទៅ ក្នុង​ការគោរពប្រណិប័តន៍​នូវគោលជំនឿសាសនា​របស់ខ្លួននិមួយៗ ដោយ​ឈរលើ​ស្មារតី នៃ​ការពង្រឹង និងពង្រីក​សុខដុមនីយកម្ម​សាសនា​រវាងសានិកនៃគ្រប់​និកាយសាសនា​ផ្សេងៗ ដោយ​ប្រឆាំង​រាល់ទង្វើនៃ​ការរើសអើង ការបែងចែក​ក្នុងចំណោម​ប្រជាពលរដ្ឋ ដែល​បណ្តាលមក​ពីភាព​ខុសគ្នា​នៃជំនឿសាសនានិមួយៗ សំដៅ​ទប់ស្កាត់​រាល់​ការយក​សាសនា​ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្ម ដែល​អាច​បង្កជាវិបត្តិ ឬចលាចលសង្គម និង​ជម្រុញប្រែក្លាយ​សក្ដានុពល​របស់​សាសនានិមួយៗ អោយ​ទៅជា​កម្លាំងចលករ​ដ៏មានប្រសិទ្ធភាព​ក្នុង​ការជម្រុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ព្រម​ទាំង​ពង្រឹង​សុខសន្តិភាព សាមគ្គីភាព ថែរក្សា​ប្រពៃណីជាតិ និង​លើកកម្ពស់​តម្លៃ​សីលធម៌សាសនា​ក្នុង​សង្គមជាតិ"៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;